CAMSOC-ភ្នំពេញ៖ កីឡាការិនី-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជា អាយុក្រោម ១៨ឆ្នាំ និងកម្មករ-កម្មការិនីសាងសង់ភូមិកីឡាសរុបចំនួន ៤៣០នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១រួចហើយ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ កីឡាករ-កីឡាការិនីថ្នាលកម្ពុជា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយទទួលបានវ៉ាក់សាំងបង្ការជំងឺដ៏កាចសាហាវនេះ។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលជាអ្នកសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកីឡាករ-កីឡាការិនីជម្រើសជាតិអាយុក្រោម ១៨ឆ្នាំ និងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ភូមិកីឡា បានបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលគណៈកម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនេះឡើង។
ចំពោះកីឡាការ-កីឡាការិនីជម្រើសជាតិថ្នាល ដែលទទួលវ៉ាក់សាំងដូសទី១ នៅថ្ងៃច័ន្ទនេះ គឺមានចំនួន ៣១៦នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន ២៧សហព័ន្ធ។ ចំណែកបុគ្គលិក និងកម្មករ-កម្មការិនី ដែលកំពុងសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានចំនួន ១១៤នាក់។ ដូច្នេះសរុបការចាក់វ៉ាក់សាំង ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី០៩ ខែសីហានេះ គឺមានចំនួន ៤៣០នាក់។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបាននាំកីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន ១៨នាក់ ចូលរួមចាក់វ៉ាក់សាំងខាងលើ បានសម្ដែងនូវសុទិដ្ឋិនិយមខ្ពស់ សម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសវិស័យកីឡា រហូតក្រុមជម្រើសជាតិថ្នាលពេលនេះ ដែលជាដំណាក់មួយដ៏ល្អ ដើម្បីបន្ស៊ាំការរស់នៅ និងការហ្វឹកហាត់របស់ពួកគេឲ្យកាន់តែរីកចម្រើន។
កីឡាការិនី នេត ស្រីហេង សមាជិកក្រុមថ្នាលកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា បាននិយាយថា «ខ្ញុំមានអារម្មណ៍រំភើបរីករាយ ដែលទទួលបានវ៉ាក់សាំង ដើម្បីបង្កើនភាពកក់ក្ដៅក្នុងការហ្វឹកហាត់ត្រៀមការប្រកួតនានា ពិសេសក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ពីដំបូង ពួកខ្ញុំមិនសូវមានទំនុកចិត្តក្នុងការហ្វឹកហាត់ប៉ុន្មានទេ ដោយសារមិនទាន់ទទួលបានវ៉ាក់សាំង ប៉ុន្ដែពេលនេះ ខ្ញុំមានទំនុកចិត្តលើខ្លួនឯង ហើយប្ដេជ្ញានឹងខំប្រឹងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់ខ្ញុំឲ្យបានល្អប្រសើរ»។
ដោយឡែកកីឡាការិនី ជឿន ស្រឡែន សមាជិកក្រុមថ្នាលកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានលើកឡើងស្រដៀងគ្នាថា «ខ្ញុំពិតជាត្រេកអរ ដោយសារពីមុនខ្ញុំទៅណាមកណា ខ្ញុំមានអារម្មណ៍ភ័យខ្លាច បារម្ភខ្លាចឆ្លងកូវីដ តែពេលខ្ញុំបានចាក់វ៉ាក់សាំងហើយ ខ្ញុំពិតជាសប្បាយចិត្ត ពិសេសធ្វើឲ្យការហ្វឹកហាត់របស់ខ្ញុំកាន់តែមានទំនុកចិត្តខ្ពស់ មិនសូវមានការភ័យខ្លាចដូចមុន ដើម្បីសម្រួចគោលដៅរបស់ខ្ញុំ គឺការខំប្រឹង ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣»។
សូមបញ្ជាក់ថា សរុបយុទ្ធនាការចាក់វ៉ាក់សាំងចំនួន ៦លើក ដែលគណៈកម្មាធិការជាតិ CAMSOC និងក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បានសហការគ្នារៀបចំចាក់ជូនថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ រួមទាំងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់ការចាក់ជូនកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលថ្ងៃនេះ គឺមានចំនួនសរុប ២,៥១៨នាក់ហើយ៕
មតិយោបល់