ព័ត៌មានជាតិ

រដ្ឋបាលលោក ចូ បៃដិន នឹងតម្រូវឱ្យយោធាអាមេរិកទាំងអស់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាកាតព្វកិច្ច

 

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកនឹងតម្រូវឱ្យយោធាអាមេរិកចាក់វ៉ាក់សាំងបង្ការ COVID-19 ជាកាតព្វកិច្ច ឱ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ ខណៈរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិនកំពុងប្រឹងប្រែងទប់ស្កាត់ការឡើងករណីឆ្លងបង្កឡើងដោយវីរុសបំប្លែងថ្មី Delta។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។

នៅក្នុងកំណត់ហេតុមួយច្បាប់ផ្ញើជូនយោធាអាមេរិក លោក Lloyd Austin បានបន្ថែមថាកាលបរិច្ឆេទកំណត់ពីការចាក់វ៉ាក់សាំងអាចនឹងត្រូវធ្វើឡើងលឿនជាងការកំណត់ ប្រសិនបើផែនការចាក់វ៉ាក់សាំងនេះទទួលបានការយល់ព្រមពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA ឬករណីឆ្លង នៅតែបន្តកើនឡើង។ លោក Lloyd Austin បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងស្វែងរកការអនុញ្ញាតពីលោកប្រធានាធិបតីដើម្បីជំរុញឱ្យកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់ យោធាមិនឱ្យលើសពីពាក់កណ្ដាលខែកញ្ញា ខាងមុខនេះឡើយ ឬអាចលឿនជាងនេះ នៅក្នុងករណីទទួលបានការយល់ព្រមពី FDA»។

នៅក្នុងកំណត់ហេតុខាងលើដដែល លោក Austin ក៏បានក្រើនរំលឹកឱ្យយោធាអាមេរិកទាំងត្រៀមខ្លួនចាក់វ៉ាក់សាំងផងដែរ ហើយមន្ទីរបញ្ចកោណមានផែនការផ្ដល់ ពេលវេលាជាក់លាក់នៃការវ៉ាក់សាំងសម្រាប់យោធាអាមេរិកដល់ FDA ដើម្បីស្នើសុំការអនុញ្ញាតជាចុងក្រោយលើវ៉ាក់សាំង Pfizer នឹងដើមខែកញ្ញាខាងមុខនេះ៕

ប្រភព៖​​​​​​ AP

មតិយោបល់