ព័ត៌មានជាតិ

សហរដ្ឋអាមេរិកបញ្ជូនកងទ័ព ៣,០០០នាក់ ឱ្យទៅជម្លៀសបុគ្គលិកទូត របស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន

 

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពបន្ថែម ៣,០០០នាក់ ទៅកាន់ប្រទេសអាហ្វហ្កានីស្ថានដើម្បីជម្លៀសបុគ្គលិកស្ថានទូតអាមេរិក និងជនជាតិ អាហ្វហ្កានីស្ថានមួយចំនួនដែលទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ខណ:ក្រុមតាលីបង់វាយដណ្ដើមកាន់កាប់ទឹកដីកាន់ច្រើន។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក៏បានជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញ ជាបន្ទាន់ពីអាហ្វហ្កានីស្ថានផងដែរ។ តែព្រមពេលជាមួយគ្នា លោកអះអាងថាស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុលនៅតែប្រតិបត្តិការរបស់ខ្លួនដដែល បើទោះជាបុគ្គលិកទូតត្រូវបានកាត់បន្ថយក៏ដោយ។

ប៉ុន្មានម៉ោងក្រោយការពីការបញ្ជូនទ័ពខាងលើ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby ក៏បានទទួលស្គាល់ដែរថាកងទ័ពអាមេរិក ៣,០០០នាក់នឹងត្រូវបញ្ជូនទៅដល់អាហ្វហ្កានីស្ថាន ក្នុងរយ:ពេល២៤ម៉ោង ឬ៤៨ម៉ោងខាងមុខនេះ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះបញ្ជាក់ថាកងទ័ពអាមេរិក
ទាំងនេះគ្រាន់តែស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថានបណ្ដោះអាសន្នប៉ុណ្ណោះ ហើយព្រមានថាកងទ័ពអាមេរិកនឹងធ្វើការឆ្លើយតបភ្លាមៗ ប្រសិនបើពួកគេ
រងការវាយប្រហារពីក្រុមតាលីបង់។

ក្រៅពីអាមេរិក ចក្រភពអង់គ្លេសក៏បានបញ្ជូនកងទ័ពទៅកាន់ទីក្រុងកាប៊ុល ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញដែរ៕

ប្រភព៖​​​​​​ AP

មតិយោបល់