«សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត»។ នេះគឺជាការថ្លែងរបស់រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា យោងតាមជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ សត្វក្រៀលចំនួន ១៩៤ ក្បាលត្រូវបានកត់ត្រានៅប្រមាណ ១០ទីតាំងខុសៗគ្នានៅក្នុងប្រទេសកម្ពុជា។ ការជំរឿននេះ ធ្វើឡើងនៅរាល់ខែធ្នូ ដល់ខែឧសភា នៃឆ្នាំនីមួយៗ ដើម្បីអាចឱ្យយើងប៉ាន់ស្មាន និងពិនិត្យតាមដានពីចំនួនសត្វក្រៀលថាតើវាកើនឡើង ឬថយចុះ និងដើម្បីរៀបចំយន្តការ និងផែនការការពារនិងអភិរក្សបន្ថែមទៀត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា យោងតាមទិន្នន័យសិក្សាដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មានចំនួនចន្លោះពី ១៣.០០០ ទៅ១៥.០០០ ក្បាលដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា។ សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀលគឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។
មតិយោបល់