ព័ត៌មានជាតិ

អង់គ្លេស​​ បាន​ចេញ​មុខរិះគន់ថា​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​អាហ្វហ្កានីស្ថាន​ គឺជា​កំហុស​ឆ្គង​មួយ​

ការម្រេចរបស់​អាមេរិក​ក្នុងការដក​កងទ័ពចេញពី​អាហ្វហ្កានីស្ថាន​ បន្សល់ទុកនូវបញ្ហាធំមួយ​។ នេះគឺ​ជាប្រសាសន៍​របស់​លោក​ បេន វ៉លឡេស​ (Ben Wallace) រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​។

សម្រាប់លោក​ វ៉លឡេស អវត្តមាន​កងទ័ព​លោកខាងលិច​គឺ​ហាក់បីដូចជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​ឧទ្ទាម​តាលីបង់​ត្រឡប់​ទៅ​កាន់​អំណាច​វិញ​ ​ហើយ​វា​នឹងហុចផល​ប្រយោជន៍​ដល់​ពួក អាល់កៃដា​។ ពួកអាល់កៃដា​ ដែល​ត្រូវ​បាន​ក្រុមតាលីបង់ផ្តល់​ ជម្រកដ៏រឹងមាំ​ មុនការ​វាយ​ប្រហារ​ភេរវកម្មទៅលើ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១​ ដែល​ជា​ចំណុច​ចាប់ផ្តើម នាំ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​លោក​ខាងលិចទៅ​រក​សង្រ្គាម​ដ៏​ធំ​រយៈពេល​ ២០ឆ្នាំ ​​នៅ​អាហ្វហ្កានីស្ថាន​។

ក្នុងពេល​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​ទូរស្សន៍​ Sky News លោក​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​ បានគូស​បញ្ជាក់ពី​ក្តីបារម្ភ​របស់​លោកដែលថា​ប្រសិនបើ​ពួក​ភេរវជន​អាល់កៃដា​ត្រលប់មក​វិញនៅ​កន្លែង​ចាស់​ដែលជា​ជម្រក​សុវត្ថិភាពរបស់ពួកគេ​ នោះពិភពលោក​នឹង​រង​ការគំរាមកំហែង​ផ្នែកសន្តិសុខ​ និង​ផលប្រយោជន៍​ជា​មិនខាន​។

ក្រោមហេតុផលនេះ​ អង់គ្លេស​យល់ថា​កិច្ចព្រមព្រៀងទីក្រុង​ដូហា​ឆ្នាំ២០២០​ ដែល​បាន​ចុះហត្ថលេខាដោយ​សហរដ្ឋអាមេរិក​និងក្រុមតាលីបង់​គឺជា​កំហុសឆ្គងមួយ​ ហើយ​គឺ​សហគមន៍អន្តរជាតិនេះហើយ​ដែល​ទំនងជាអ្នក​ត្រូវទទួលខុសត្រូវចំពោះ​ផលវិបាកដែលកើតឡើងជា​យថាហេតុ​។

មតិយោបល់