អ្នកធ្វើដំណើរឆ្លងកាត់ស្រុកបន្ទាយស្រីតាមផ្លូវជាតិលេខ៦៧ក្នុងអំឡុងពេលនេះ ប្រហែលជានឹងចាប់អារម្មណ៍ឃើញអ្នកភូមិកំពុងនាំគ្នាកាប់ឆ្ការគម្ពោតព្រៃ និងដើមឈើដុះមិនមានរបៀបរៀបរយ រើសសម្អាតសំរាមរាយប៉ាយនៅតាមថ្នល់ ព្រមទាំងចាក់ដីបំពេញកន្លែងដក់ទឹកនៅសងខាងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពសណ្តាប់ធ្នាប់នៃផ្លូវដែលសម្បូរណ៍ទៅដោយអ្នកទេសចរឆ្លងកាត់មួយនេះ។
សកម្មភាពទាំងនេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់រដ្ឋបាលស្រុកបន្ទាយស្រី ក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រថវិកាទាំងស្រុងដោយអង្គការgiz ដែលមានរយៈពេលសរុបចំនួន៣ខែ គិតចាប់ពីដើមខែសីហាឆ្នាំ២០២១តទៅ។ គម្រោងក្រោមទម្រង់សាច់ប្រាក់ពលកម្មនេះ បង្កើតឡើងគោលបំណងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ អាចទទួលបានប្រាក់ចំណូលខ្លះៗដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ជំនួសឱ្យប្រាក់ចំណូលដែលបាត់បង់ ក៏ដូចជាដើម្បីលើកកម្ពស់ការងារបរិស្ថានល្អ និងភាពស្រស់ស្អាតនៅតាមដងផ្លូវ ឱ្យបានស័ក្តិសមជាស្រុកទេសចរណ៍ផងដែរ។
នៅពេលបញ្ចប់គម្រោង ប្រជាពលរដ្ឋប្រមាណ១៥០គ្រួសារ ដែលសុទ្ធសឹងតែជាអ្នករស់នៅតាមកំណាត់ផ្លូវពីភូមិព្រះដាក់រហូតដល់ប្រាសាទបន្ទាយស្រីនឹងអាចរកបានចំណូលប្រមាណ៣០០$ក្នុងមួយគ្រួសារ។ ជួសមុខឱ្យប្រជាពរដ្ឋដែលទទួលបានផលពីគម្រោងដោយផ្ទាល់ និងដោយប្រយោល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការgiz ដែលបានផ្តល់ការគាំទ្រយ៉ាងច្រើនមកលើជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងក្នុងពេលនេះ និងក្នុងពេលកន្លងមក។
មតិយោបល់