ព័ត៌មានជាតិ

ស្រ្តីម្នាក់ជិះម៉ូតូមកពីផ្សារដល់ពាក់កណ្តាលផ្លូវ បុករថយន្តពីក្រោយពេញទំហឹងរងរបួសធ្ងន់

ភ្នំពេញៈ ស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿង ត្រឡប់មកពីផ្សារមិនដឹងយ៉ាងម៉េច ក៏ជ្រុលទៅបុកគូទរថយន្ត ដែលកំពុងឈប់ចតតាមចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង ៤៥ នាទីត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយមហាវិថី អូស៊ី អាយស៊ី ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2E-5603 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ្ណនោះឡើយ ។ ចំណែកឯម៉ូតូរងគ្រោះម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GT-0595 ស្ត្រីអ្នកបើកបរមានឈ្មោះ ស្រីមុំ អាយុ៣៧ឆ្នាំ ស្នាក់នៅបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក CRV បានធ្វើដំណើរតាម បណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុ បានឈប់រថយន្តអែបចិញ្ចើមផ្លូវ ឈប់ដើម្បីនិយាយទូរស័ព្ទ ខណៈពេលកំពុងនិយាយទូរស័ព្ទ ក៏មានស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាស្កុបពីមួយគ្រឿង ត្រឡប់មកពីផ្សារ ធ្វើដំណើរស្របគ្នាក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីខាងលើ រងរបួសធ្ងន់ ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារ យករថយន្តផ្ទាល់ខ្លួនមកដឹក យកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ។

បន្ទាប់មកគេឃើញសមត្ថកិច្ចជំនាញប៉ុស្តិ៍ជ្រោយចង្វា បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការរាយការណ៍ទៅសមត្ថកិច្ចជំនាញ នៃចរាចរណ៍ខណ្ឌចង្វា ធ្វើការវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះ និងអ្នកបើកបររថយន្ត ទៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់