ពេលអាមេរិកដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ប្រទេសចិនបាននិយាយថា ខ្លួនត្រៀមខ្លួនស្ថាបនាទំនាក់ទំនងជាមួយក្រុមតាលីបង់ ប៉ុន្តែក្រុមអ្នកជំនាញខាងនយោបាយការបរទេសលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងនៅបារម្ភក្នុងចិត្តនៅឡើយចំពោះអ្វីដែលនឹងកើតមានឡើងបន្ទាប់ទៀត ហើយប្រហែលជាមិនទាន់អាចធ្វើការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ច និងសន្តិសុខធំដុំណាមួយចំពោះប្រទេសអាហ្វហ្គានីស្ថាននៅឡើយទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃច័ន្ទជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិនអំពីការវិវត្តនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្រសួងការបរទេសអាមេរិកនិយាយថា ប្រមុខការទូតទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខ និងកិច្ចប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការនាំយកពលរដ្ឋរបស់ខ្លួនទៅកាន់ទីសុវត្ថិភាព។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានថ្លែងប្រាប់សន្និសីទកាសែតកាលពីថ្ងៃច័ន្ទថា «ប្រទេសចិនបានរក្សាការទាក់ទងគ្នានិងទំនាក់ទំនងជាប្រចាំជាមួយក្រុមតាលីបង់ ផ្អែកលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាពពេញលេញរបស់ប្រទេសអាហ្វហ្គានីស្ថាន និងឆន្ទៈរបស់ភាគីទាំងអស់ នៅក្នុងប្រទេសនេះ ហើយចិនបានដើរតួនាទីស្ថាបនាក្នុងការស្វែងរកដំណោះស្រាយនយោបាយសម្រាប់បញ្ហានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
ចិនដែលជាប្រទេសមួយនៃប្រទេសមានព្រំដែនជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថានដែរនោះ បានដកមន្ត្រីការទូតរបស់ខ្លួនចេញពីប្រទេសនេះក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីប្រទេសនោះមានសង្គ្រាមស៊ីវិល។ រដ្ឋាភិបាលទីក្រុងប៉េកាំងមិនដែលបានបង្កើតទំនាក់ទំនងផ្លូវការជាមួយក្រុមតាលីបង់ទេ ក្រោយពីក្រុមនេះកាន់អំណាចកាលពីឆ្នាំ១៩៩៦នោះ។
លោក Andrew Small ដែលជាអ្នកស្រាវជ្រាវនៅក្រុមពិគ្រោះយោបល់ឈ្មោះ German Marshall Fund of the United States និយាយថា៖ «ខ្ញុំគិតថានៅទីបញ្ចប់ ប្រទេសចិននឹងទទួលស្គាល់រដ្ឋាភិបាលដឹកនាំដោយពួកតាលីបង់»។
ក្រុមតាលីបង់បាននិយាយថា ពួកគេសង្ឃឹមថា នឹងបង្កើតទំនាក់ទំនងល្អជាមួយចិនក្នុងការកសាងអាហ្វហ្គានីស្ថានឡើងវិញ ហើយនឹងមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដើម្បីធ្វើឱ្យគ្រោះថ្នាក់ដល់ប្រទេសចិនឡើយ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ៕
មតិយោបល់