ព័ត៌មានជាតិ

ប្រជាជន​អាហ្វហ្គានីស្ថាន​ជាង ៦០០ នាក់​បាន​ប្រជ្រៀត​គ្នា​ជិះ​យន្ដហោះ​យោធា​របស់​សហរដ្ឋ​អាមេរិក​ចាកចេញ​ពី​រដ្ឋធានី​កាប៊ុល

ប្រជាជន​អាហ្វហ្គានីស្ថាន​ជាង ៦០០ នាក់ ដែល​មាន​ទាំង​បុរស ស្ត្រី និង​កុមារ ​បាន​ប្រជ្រៀត​គ្នា​ជិះ​យន្ដហោះ​យោធា​របស់​សហរដ្ឋ​អាមេរិក​ចាកចេញ​ពី​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់​ពី​រដ្ឋធានី​នេះ​ត្រូវ​បានដណ្ដើម​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុម​តាលីបង់។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មនុស្ស​ប្រហែល ៦៤០ នាក់បាន​នាំ​គ្នា​ប្រវេប្រវា​តោងឡើង​យន្ដហោះ​ចាកចេញ​ពី​រដ្ឋធានី​កាប៊ុល នៅ​ពេល​ដែល​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ ដែល​ចង់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដែរ​នោះ បាន​នាំ​គ្នា​សម្រុក​ទៅ​កកកុញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​អាហ្វហ្គានីស្ថាន ក្នុង​រដ្ឋធានី​កាប៊ុល​នោះ។

មន្ត្រី​រូប​នោះ​បាន​ឱ្យ​ដឹង​ថា៖ «ចំនួន​អ្នក​ដំណើរ​ខ្ពស់​ខុស​ពី​ធម្មតា​នេះ​គឺ​ដោយសារ​តែ​ការ​ប្រែប្រួលផ្នែក​សន្ដិសុខ​យ៉ាង​ឆាប់​រហ័ស ដែល​តម្រូវ​ឱ្យ​ក្រុមការងារ​លើ​យន្ដហោះ​នោះ​សម្រេច​ចិត្ត​ភ្លាមៗ ដើម្បី​ធានា​ថា អ្នក​ដំណើរ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ចេញ​ប្រទេស [អាហ្វហ្គានីស្ថាន] ភ្លាមៗ»។

ក្រុមហ៊ុន​ផលិត​យន្ដហោះ​ប៊ូអ៊ីង (Boeing) ​បាន​ឱ្យ​ដឹង​ថា យន្ដហោះ​របស់​ខ្លួន​ប្រភេទ C-17 Globemaster III នេះ ជា​ទូទៅ​អាច​ដឹក​អ្នក​ដំណើរ​បាន​ត្រឹម​តែ​ ១៣៤ នាក់​ប៉ុណ្ណោះ ដោយ​មាន​កៅអី​អង្គុយ​សងខាង​សម្រាប់​អ្នក​ដំណើរ​ចំនួន ៥៤ នាក់ និង​អាច​ឱ្យ​អ្នក​ដំណើរ​អង្គុយ​លើ​កម្រាល​បាន​ចំនួន ៨០ នាក់​ទៀត៕

មតិយោបល់