ភ្នំពេញៈ បុរសម្នាក់ខណៈដែលមិនស្រួលខ្លួន មិនហ៊ានឈប់សម្រាកទេ ខំទៅយាមរោងចក្រ ទោះជាអ្នករួមការងារជួយទាំងកោសខ្យល់ឲ្យយ៉ាងណាក្តី បែរជាស្លាប់បាត់នៅក្នុងប៉ុស្តិ៍យាម កាលពីរំលងអាធ្រាត្រចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅរោងចក្រវ៉ាស៊ីង ព្រីន ខូអិលធីឌី ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់ព្រឹកឡើងទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។
ជនរងគ្រោះមានឈ្មោះ អឿន សំអង ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅជាមួយបងប្អូន ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមការបំភ្លឺពីសន្តិសុខរួមការងារ បានឲ្យដឹងថា កាលពីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះកើតមានអាការៈមិនស្រួលខ្លួន បានពឹងឲ្យជួយកោសខ្យល់ លុះកោសខ្យល់ឲ្យគាត់ហើយ ក៏ទៅយាមបាត់ទៅ ជនរងគ្រោះដេកនៅក្នុងប៉ុស្តិ៍យាម មុខច្រកចូលរោងចក្រ រហូតដល់កណ្តាលអាធ្រាត្រ ចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដើរទៅមើល បំណងសួរពីសុខភាព បែរជាប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ ទើបប្រាប់អ្នករួមការងារ សាច់ញាតិបងប្អូនរបស់ជនរងគ្រោះ រហូតដល់ព្រឹកឡើងថ្ងៃដដែល ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ ។
ករណីខាងលើ សាច់ញាតិ ក្រុមគ្រួសារ របស់ជនរងគ្រោះ មិនប្តឹងផ្តល់អ្វីឡើយ ស្នើសុំឲ្យសមត្ថកិច្ចជួយធ្វើឯកសារ ដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់