ព័ត៌មានជាតិ

ថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារួចហើយ

នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាតាមជើងហោះហើរពិសេស របស់កម្ពុជារួចហើយ។
ពិធីប្រគល់ និងទទួល ប្រារព្ធធ្វើ នាបរិវេណអាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រវាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ថេត ខែងវីន រដ្ឋមន្ត្រីក្រសួងសុខាភិបាល មីយ៉ាន់ម៉ា ។
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជូន រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា រួមមានថវិកាចំនួន ២០០.០០០ ដុល្លារអាមេរិក ព្រមទាំងថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិកទៀត សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។ ក្រៅពីថវិកា រាជរដ្ឋាភិបាលកម្ពុជា បានបរិច្ចាគនូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនដែលរួមមាន៖ ម៉ាស់ចំនួន ៣ លាន តេស្ត៍រហ័ស ចំនួន ៥០០.០០០ សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០ គ្រឿង។
ទន្ទឹមនេះ កាលពីថ្ងៃទី​ ១៧​ ខែសីហា​ ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដោយបានចាត់តំណាងនាំយកថវិកានេះផ្តល់ជូនតាមរយៈស្ថានទូតសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ ម្សិលមិញ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាបានប្រគល់ម៉ាសចំនួន ២លានម៉ាស និងឧបករណ៍ពេទ្យមួយចំនួន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ហើយនេះជាលើកទី២ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគថវិកា និងសម្ភារវេជ្ជសាស្ត្រជូន រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។
ដោយ: ទទក

មតិយោបល់