(ឌូបៃ)៖ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) ដែលកំពុងជ្រកកោនក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមបាននិយាយថា សម្រេចចិត្តភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល ដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាម ហើយលោកក៏បានបដិសេធផងដែរថាមិនបានយកលុយរាប់រយលានដុល្លារ ជាប់តាមខ្លួន ដូចការចោទប្រកាន់នោះទេ ក្រោយសារព័ត៌មានរុស្ស៊ីនាំគ្នាចុះផ្សាយថាលោកបានយកលុយ ១៦៩លានដុល្លារជាប់ខ្លួនពេលរត់ចេញពីប្រទេស។
លោក Ashraf Ghani បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកចាកចេញពីប្រទេសយ៉ាងតក់ក្រហល់ ខណៈក្រុមតាលីបង់សម្រុកចូលក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ជាការឆ្លើយតទៅនឹងការរិះគន់នេះ លោក Ghani បានអះអាងថាអ្វីដែលលោកបានធ្វើ គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាម តែប៉ុណ្ណោះ។ «ប្រសិនបើខ្ញុំ បន្តស្ថិតនៅក្នុងរដ្ឋធានីកាប៊ុល ម្ល៉េះការបង្ហូរឈាមដាក់គ្នាបានផ្ទុះឡើងក្នុងរដ្ឋធានីកាប៊ុលបាត់ទៅហើយ»។ នេះជាការបញ្ជាក់របស់ លោក Ghani ក្នុងវីដេអូមួយបង្ហោះលើ Facebook នៅថ្ងៃពុធសប្ដាហ៍នេះដោយបន្ថែមថាលោកក៏បានប្រឹក្សាយោបល់ជាមួយក្រុមមន្ត្រីអាហ្វហ្កានីស្ថាន មុននឹងធ្វើការសម្រេចចិត្តផងដែរ
លោក Ashraf Ghani និងក្រុមគ្រួសារកំពុងរស់នៅជ្រកកោនក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលបានផ្ដល់សិទ្ធិជ្រកកោនឱ្យរូបលោក ក្រោមហេតុផលមនុស្សធម៌៕
ប្រភព៖ Reuters
មតិយោបល់