បន្ទាប់ពីសាងសង់ជិតរយះពេល ៣ឆ្នាំ ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ១០០ភាគរយហើយ ហើយក៏ត្រៀមទទួលការប្រកួតបាល់ទាត់ ជាលក្ខណៈអន្តរជាតិ នាពេលខាងមុខនេះ។ ពហុកីឡដ្ឋានជាតិនេះ ជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងឱកាសចុះទៅពិនិត្យ ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាតថា (CAMSOC) បានបញ្ជាក់ថា៖ យើងកំពុងរៀបចំកម្មវិធី និងគោរពស្នើសុំរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី ថាតើ ក្នុងស្ថានភាពកូវីដនេះ យើងអាចធ្វើអ្វីបាន បន្ទាប់ពីពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិនេះ ឬមួយក៏ធ្វើកម្មវិធីអ្វីផ្សេងទៀតជាមួយ និងភាគីចិន ដើម្បីអរអរសាទរនូវការទទួលនូវមរតកដ៏មហាសាលនេះ ប៉ុន្តែអ្វីដែលយើងត្រៀម គឺចាប់ពីខែតុលា តទៅគឺថា ពហុកីឡដ្ឋានជាតិនេះ អាចទទួលយកនូវការប្រកួតកំរិតជាអន្តរជាតិបាន ដូចជាការត្រៀមទទួលនូវការប្រកួតបាលទាត់ SUZUKI Cup ក្នុងខែធ្នូ ឆ្នាំ២០២១ នៅទីនេះ ដើម្បើទាក់ទាញអោយមានការចាប់អារម្មណ៍ខ្លាំង ហើយអាចបង្ហាញមុខមាត់របស់កម្ពុជា នៅលើវិស័យកីឡាបាល់ទាត់ និងត្រៀមលក្ខណៈអោយមានការប្រកួតកីឡាផ្សេងៗ អោយមានជាប់ជានិច្ចនៅទីនេះ ។
«មកដល់ពេលនេះ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានលេចចេញជាសមិទ្ធផល ពេញគ្រប់លក្ខណៈសម្បត្តិទាំងអស់ មានន័យថា កាលពីពេលមុន យើងនៅសេសសល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្ម និងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះគឺធ្វើរួចរាល់ហើយតាមលំដាប់លំដោយ នៃលក្ខណៈបច្ចេកទេស ត្រូវនិងស្តងដារនៃពហុកីឡដ្ឋានអន្តរជាតិ។
ពហុកីឡដ្ឋានជាតិថ្មីនេះ អាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិ ក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជា ពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ»។
នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន និងជាសមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា ។
កិច្ចការត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់កីឡដ្ឋានធំនេះ ត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់បំផុតឲ្យតាមដានជាប់ជាប្រចាំ។ ក្រោយពីបញ្ចប់ការសាងសង់ គឺយើងត្រូវបន្តការថែទាំ បន្ទាប់ពីក្រុមហ៊ុនសាងសង់របស់ភាគីចិន នឹងប្រគល់ជូនដល់ CAMSOC។
ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ ។ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនា បានជាង ៦ម៉ឺននាក់ ៕
មតិយោបល់