ព័ត៌មានជាតិ

ករណីរថយន្តកិនម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តនិមិត្តសុធីរាមវត្តកូនដំរី…

បន្ទាយមានជ័យ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាកម្មករម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃព្រហស្បតិ៍ ៣ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៤២នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តនិមិត្តសុធីរាម(វត្តកូនដំរី)ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖​ ជនរងគ្រោះដែលស្លាប់ឈ្មោះ សោម ស៊ីណែល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៏ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BE-5036 ។
នគរបាលបានបញ្ជាក់ថា​ ៖ មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូក្នុងទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្តស៊ឺមីរ៉ឺម៉កហ៊ីណូ ពណ៌ស ក្បាលរថយន្តពាក់ផ្លាកលេខ ភ្នំពេញ 3F-3588 រ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-7612 ពេលដល់ចំណុចកើតហេតុបានឡើងវ៉ាជែងពុំផុតក៏បានទាក់ដៃចង្កូតម៉ូតូនិងផ្នែកខាងស្តាំរថយន្តបណ្តាលអោយបោកនិងរថយន្តគ្រោះថ្នាក់ស្លាប់តែម្តង។ចំណែកអ្នកបើកបររថយន្ត(ក្តាប់ឈ្មោះពុំបាន)ក្រោយកើតហេតុបានទុករថយន្តចោលចុះរត់គេចខ្លួនបាត់។ ចំពោះម៉ូតូខូចខាតស្រាល រីឯរថយន្តពុំមានខូចខាតនោះឡើយ ៕

មតិយោបល់