ព័ត៌មានជាតិ

កងទ័ព​ជើងទឹក​ឥណ្ឌូនេស៊ី ​បានរឹបអូស​យកនាវា​ដឹកប្រេង​មួយគ្រឿង ​ ​ក្រោមការ​ចោទប្រកាន់​អំពី​ករណី​លួចប្រេងឆៅ ​​ពីប្រទេសកម្ពុជា

បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នាវាឈ្មោះ MT Strovolos ដែលមានដោតទង់ជាតិបាហាម៉ា បានធ្វើដំណើរចេញពីឆ្នេសមុទ្រស៊ូម៉ាត្រាកាលពីថ្ងៃទី២៧កក្កដា ពោល​គឺតែ​បុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងភ្នំពេញ បានចេញសេចក្ដីប្រកាសពណ៌ក្រហមមួយទៅកាន់ប៉ូលីសព្រហ្មទណ្ឌ​អន្តរជាតិ អាំងទែប៉ូល ដើម្បីសុំការសហការក្នុង​ការ​រឹបអូសនាវា ដែលបានលួចដឹកប្រេងឆៅចេញពីកម្ពុជានោះ។ បន្ទាប់​ពី​ឃាត់​កប៉ាល់​នេះ​រួច អាជ្ញាធរ​ឥណ្ឌូនេស៊ីបាន​បើក​ការសួរចម្លើយលើនាវិកនៅ​លើ​នាវា ដែល​មាន​ជនជាតិឥណ្ឌាចំនួន១៣នាក់ ជនជាតិបង់ក្លាដែសចំនួន៣នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន៣នាក់។ ការសួរចម្លើយនេះប្រព្រឹត្តទៅនៅមូលដ្ឋានជើងទឹករបស់ឥណ្ឌូនេស៊ី ក្បែរប្រទេសសិង្ហបុរី។

គួរ​ជម្រាប​ថា នាវាដែលមាន​ផ្ទុក​ប្រេង​លួច​ពី​កម្ពុជា​នោះ មានប្រវែង ១៨៣ម៉ែត្រ និង​មានទិសដៅធ្វើដំណើរចេញពីប្រទេសថៃទៅកាន់កោះ បាថាម នៃប្រទេសឥណ្ឌូនេស៊ី។ នាវា​នេះបានបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួន ព្រមទាំងបានបោះយុថ្កាដោយខុសច្បាប់នៅលើដែនទឹកនៃប្រជុំកោះឥណ្ឌូនេស៊ី។

អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានបញ្ជាក់ថា ប្រធានក្រុមនាវិកដែលមានសញ្ជាតិបង់ក្លាដេស អាចប្រឈមនឹងការជាប់ពន្ធនាគារចំនួន១ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ១ម៉ឺន៤ពាន់ដុល្លាសហរដ្ឋអាមេរិក ប្រសិនបើពួកគេត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទរំលោភដែនសមុទ្រ។ និង​ថា «កងទ័ពជើងទឹកឥណ្ឌូនេស៊ី នឹងមិនមានភាពស្ទាក់ស្ទើរក្នុងការចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មណាមួយ ដែលបានប្រព្រឹត្តិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ»។

ទាក់ទិននឹងបញ្ហានេះ លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងធនធានរ៉ែ និងថាមពលកម្ពុជាបានថ្លែងថា៖ «ក្រុមហ៊ុនបានរាយការណ៍មករដ្ឋាភិបាលយើងថា ក្រុមនាវិកបានលួចយកប្រេងឆៅដែលមានចំនួន ២៩ម៉ឺនបារែលចេញពីកម្ពុជា ប៉ុន្តែត្រូវបាននាវាដឹកប្រេងឆ្លើយតបថាដោយសារក្រុមហ៊ុនជំពាក់លុយពួកគេ។» លោកបន្ថែមទៀតថា កម្ពុជា​និង​ឥណ្ឌូនេស៊ីកំពុងសហការ​គ្នា​ដើម្បីបញ្ជូនប្រេងលើ​នាវា​នោះ​មកឲ្យ​កម្ពុជាវិញ។

គួរបញ្ជាក់ថាប្រេងឆៅរបស់កម្ពុជាចំនួន២៩ម៉ឺនបារ៉ែល ​ដែលក្រុមហ៊ុន KrisEnergy បូមបានពីតំបន់​​អណ្ដូង​អប្សរាឬប្លុកA ត្រូវបានអ្នកបើកបរកប៉ាល់ផ្ទុកប្រេងនោះ លួចដឹកចូលក្នុងទឹកដីប្រទេសថៃកាលពីខែមិថុនា។ អគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា អ្នកដែលបញ្ជាឱ្យកប៉ាល់ដឹកប្រេងរបស់កម្ពុជារត់នោះ គឺជាម្ចាស់បំណុលរបស់ក្រុមហ៊ុន KrisEnergy៕

 

មតិយោបល់