មិនមែនមានន័យថា ក្រុមតាលីបង់ នឹងបើកដៃ ឲ្យក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ប្រមូលកម្លាំងនៅអាហ្វហ្កានីស្ថាននោះទេ។ យោងតាមការពន្យល់របស់ លោក Rasha al-Aqeedi អ្នកស្រាវជ្រាវម្នាក់នៅ Newlines Institute គឺក្រុមតាលីបង់ និងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នេះ គឺជាសត្រូវនឹងគ្នា ជាគូប្រជែងនឹងគ្នា ដែលមានមនោគមវិជ្ជាអ៊ីស្លាមផ្តាច់ការខុសគ្នា។
អ្វីដែលគេព្រួយបារម្ភនោះ គឺថា ក្រុមតាលីបង់គ្មានសមត្ថភាពគ្រប់គ្រង ដឹកនាំប្រទេសអាហ្វហ្កានីស្ថាន ធ្វើឲ្យក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម វាយលុកដណ្តើមយកដែនដីគ្រប់គ្រងបាន កាន់តែធំទៅៗ។ យ៉ាងណាមិញ អំពើែភេរវកម្មកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នៅព្រលានយន្តហោះក្រុងកាប៊ុល ដែលបានផ្តាច់ជីវិតមនុស្សជាង៨០នាក់ ក្នុងនោះមានទាហានអាមេរិក១៣នាក់ផងនោះ បានស្តែងឲ្យឃើញទៅហើយ ពីភាពចលាចល ព្រមទាំងសមត្ថភាពដ៏ស្តួចស្តើងក្នុងការរក្សាសន្តិសុខ របស់ក្រុមតាលីបង់។
ហើយមួយវិញទៀត គឺដោយសារភាពប្រជែងគ្នានេះ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នឹងប្រឹងប្រែង ជំរុញសន្ទុះរបស់ពួកគេកាន់តែខ្លាំងនៅឯអ៊ីរ៉ាក់ និងស៊ីរី ដើម្បីរៀបចំដែនដី បង្អួតក្រុមតាលីបង់។ យោងតាមលោក Colin Clarke នាយកផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌល Soufan មានមូលដ្ឋាននៅក្រុងញូយ៉ក បានឲ្យដឹងថា ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម មានសល់លុយរាប់សិបលានដុល្លារទៀត។ ដូច្នេះក្រុមនេះ អាចនឹងឆក់ឱកាសប្រមូលកម្លាំង រៀបបណ្តាញ វាយលុករៀបចំដែនដីឡើងវិញ នៅអ៊ីរ៉ាក់ និងនៅស៊ីរី ប្រសិនបើមានការប្រហែស។



មតិយោបល់