ព័ត៌មានជាតិ

Update៖ អ្នកលក់អចលនទ្រព្យម្នាក់ ដេកស្លាប់ទាំងអាក្រាតកាយ

ភ្នំពេញៈ កាលពីវេលាម៉ោង៦ និង២០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះល្វែងលេខ 35A ផ្លូវ១០០៧ ក្នុងភូមិឧកញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីបុរសម្នាក់ បានដេកស្លាប់ផ្កាប់មុខទាំងអាក្រាតកាយ ក្នុងបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យ។

បុរសរងគ្រោះឈ្មោះ ជិន ចាន់ថន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាអ្នកលក់អចលនទ្រព្យ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើត នៅស្រុកឈូង ខេត្តកំពត។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានធ្វើការសាកសួរជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ គឺមានជំងឺលើសឈាមប្រចាំកាយ អស់រយៈពេលប្រមាណ ១ឆ្នាំមកហើយ ដោយតែងតែលេបថ្នាំជាប្រចាំ។ កន្លងមកបុរសរងគ្រោះ មកសម្រាកយូៗម្តងនៅក្នុងផ្ទះកើតហេតុ ដែលជាការិយាល័យលក់អចលនទ្រព្យ ហើយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ មុនពេលកើតហេតុបុរសរងគ្រោះ បានមកសម្រាកនៅក្នុងផ្ទះកើតហេតុខាងលើដូចសព្វដង។

ដោយនៅផ្ទះកើតហេតុ មានបុរសម្នាក់ទៀត ដែលធ្វើជាមួយនិងជាអ្នកដេកយាម នៅផ្ទះកើតហេតុផងដែរ។ អំទ្បុងពេលនោះ បុរសរងគ្រោះ បានចូលទៅសម្រាកក្នុងបន្ទប់ជាន់ឡៅតឿតែម្នាក់ឯង ចំណែកឯបុរសម្នាក់ទៀត ចូលទៅសម្រាកក្នុងបន្ទប់ផ្សេងទៀត។ រហូតដល់ព្រឹកថ្ងៃកើតហេតុ បុរសដែលជាអ្នកដេកយាមជាមួយ បានទូរស័ព្ទទៅបុរសរងគ្រោះ តែពុំមានអ្នកទទួលទេ។ ពេលនោះបុរសខាងលើ ក៏មិនបានចាប់អារម្មណ៍អ្វីទ្បើយ ព្រោះគិតថា បុរសរងគ្រោះអស់កម្លាំង និងអត់ងងុយជាមួយនិងងារការច្រើន ទើបបានជាគេងយូបែបនេះ។

ប្រភពដដែលបន្តថា អស់រយៈពេលជាច្រើនម៉ោង ក្រោយមកដោយមិនឃើញ បុរសរងគ្រោះ ចេញពីក្នុងបន្ទប់ទាល់តែសោះ ធ្វើឲ្យបុរសដែលជាអ្នកដេកយាមជាមួយ ចាប់ផ្តើមមានការសង្ស័យ រួចបានទូរស័ព្ទទៅបុរសរងគ្រោះម្ដងទៀត ប៉ុន្តែទោះជាខំព្យាយាមទាក់ទងយ៉ាងណា ក៏នៅតែមិនមានការឆ្លើយតប។

លុះដល់វេលាកើតហេតុបុរសរូបនោះ ក៏បានទូរស័ព្ទទៅប្រាប់អ្នកធ្វើការ ជាមួយផ្សេងទៀត និងបានឡើងទៅមើលបន្ទប់ជាន់ឡៅតឿ ដែលជាបន្ទប់បុរសរងគ្រោះសម្រាក ស្រាប់តែឃើញបុរសរងគ្រោះ ដេកផ្កាប់មុខនៅមាត់ទ្វារបន្ទប់ទឹក បែកក្បាលដាច់ខ្យល់ស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងជំនាញ ចុះមកធ្វើការត្រួតពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច័យ ក៏បានចុះមកធ្វើការ ត្រួតពិនិត្យទៅលើសពឃើញថា ជនរងគ្រោះពិតជាបានដួលបោកក្បាលស្លាប់ ដោយសារជំងឺលើសឈាមប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់