CAMSOC-ភ្នំពេញ៖ កម្ពុជានឹងមានក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី ជាលើកដំបូង ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង។
យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឲ្យដឹងថា នេះជាការត្រៀមខ្លួនបង្កើនគុណភាពបច្ចេកទេសរបស់ក្រុមបាល់ទាត់នារីកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។ ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកម្ពុជា ត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហការពីរដ្ឋាភិបាលចិន តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងបញ្ជូនកីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានរាយនាមក្នុងបញ្ជី ទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៩០ថ្ងៃ។ ក្រុមជម្រើសជាតិនារីនឹងត្រូវធ្វើដំណើរទៅហ្វឹកហាត់នាចុងខែកញ្ញានេះ ក្រោយពន្យារពេលមួយរយៈដោយសារវិបត្តជំងឺឆ្លងកូវីដ-១៩។
ចំពោះសមាសភាពក្រុមនារី ដែលត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិននេះ មានចំនួន២២នាក់ ក្នុងនោះមកពី
ក្លឹបមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៍ ៧នាក់, ភ្នំពេញក្រោន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ក្លឹបបាល់ទាត់សៀមរាប ២នាក់, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ២នាក់។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា «យើងមានសុទិដ្ឋិនិយមចំពោះក្រុមបាល់ទាត់នារី ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយការហ្វឹកហាត់នៅប្រទេសចិននេះ គឺក្រុមនារីមានឱកាសបានហ្វឹកហាត់សមជាមួយក្រុមនារីនៅចិន ពីព្រោះនៅចិន មានក្រុមបាល់ទាត់នារីច្រើន។ នេះគឺជាការហ្វឹកហាត់ត្រៀមបានល្អប្រសើរជាងនៅក្នុងស្រុក ដោយសារយើងមានក្រុមបាល់ទាត់នារីតិចតួច។ កាលណាការប្រមូលផ្តុំហ្វឹកហាត់ បូកផ្សំនឹងការគោរពវិន័យផងនោះ យើងជឿជាក់ថា ក្រុមបាល់ទាត់នារី ក៏អាចបង្កើនបានសិទ្ធផលកាន់តែខ្ពស់ទៅតាមនោះដែរ»។
ទោះយ៉ាងនេះ ក៏លោកអគ្គលេខាធិការ កែវ សារ៉េត ផ្តោតសំខាន់ទៅលើការប្រកួតធ្វើតេស្តជាក់ស្តែងនាពេលខាងមុខ ដើម្បីឲ្យដឹងច្បាស់ថា ក្រុមបាល់ទាត់នារីកម្ពុជា អាចនឹងកើនឡើងក្នុងកម្រិតណា ពីព្រោះការខិតខំហ្វឹកហាត់នេះ មិនមែនតែយើងនោះទេ គឺមានក្រុមនារីនៃប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ ក៏កំពុងខិតខំដូចគ្នាផងដែរ។ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានសុទិដ្ឋិនិយមថា កាលណាយើងប្រឹងប្រែង យើងនឹងទទួលបានលទ្ធផលល្អ។ ខ្ញុំសង្ឃឹមថា ក្រុមបាល់ទាត់នារី នឹងអាចរីកចម្រើន អាចប្រកួតប្រជែងបាន រួមផ្សំនឹងក្រុមបាល់ទាត់បុរស១ក្រុមទៀត ដែលជាក្តីសង្ឃឹម ក្នុងពេលដំណាលគ្នា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ មានប្រសាសន៍ថា ក្រុមបាល់ទាត់នារីកម្ពុជាចំនួន២២នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់នៅចិន គឺស្ថិតនៅក្នុងចំណោមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុប ១៣៥នាក់ នៃ១២ប្រភេទកីឡា។ គម្រោងហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងចេញទៅនាចុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ដែលនេះគឺជាជំនួយឥតសំណងមួយផ្នែករបស់ចិន ក្រៅពីអំពីជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងហ្វឹកហាត់នៅប្រទេសចិន មានរយៈពេលវែង ពីចុងឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣ ដែលព្រះរាជាណាក្រកម្ពុជា កំពុងត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ក្នុងការរៀបចំខ្លួនទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
បច្ចុប្បន្ន ភាគីមិត្តចិន កំពុងរៀបចំទីលាន គ្រូបង្វឹក វិធានការសុខាភិបាល សម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជានៅទីនោះ ហើយនៅពេលទទួលបានព័ត៌មាននៃការរៀបចំរួចរាល់ គឺក្រុមជម្រើសជាតិកម្ពុជាទាំងអស់ នឹងត្រូវបញ្ជូនចេញទៅហ្វឹកហាត់ភ្លាមៗផងដែរ។
នៅក្នុងពេលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក្រុមជម្រើសជាតិកម្ពុជាដែលហ្វឹកហាត់នៅចិន នឹងត្រឡប់មកចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម នេះ ហើយក្រោយបញ្ចប់ ទើបក្រុមជម្រើសជាតិទាំងអស់ នឹងបន្តទៅហ្វឹកហាត់នៅចិនបន្ថែម រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង៕
ប្រភពរូបភាព៖ FFC & PPC
មតិយោបល់