ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ១៩ដែលស្ថិតក្នុងបញ្ជីប្រើប្រាស់របស់អង្គការសុខភាពពិភពលោក គឺសុទ្ធសឹងតែមាន គុណភាពនិងប្រសិទ្ធភាពទាំងអស់

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលបានឱ្យដឹងថាវ៉ាក់សាំងកូវីដ១៩ដែលស្ថិតក្នុងបញ្ជីប្រើប្រាស់របស់អង្គការសុខភាពពិភពលោក (WHO ) គឺសុទ្ធសឹងតែមាន គុណភាពនិងប្រសិទ្ធភាពទាំងអស់ ដូច្នេះប្រជាពលរដ្ឋ កុំមានការរើសអើងប្រភេទវ៉ាក់ សាំងកូវីដ-១៩ តទៅទៀត ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធានគណ: កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ( គ.វ.ក១៩ ) បានមានប្រសាសន៍ថា គ្រប់វ៉ាក់សាំងដែលមានការទទួល ស្គាល់ពីអង្គការសុខភាពពិភពលោក គឺត្រូវឆ្លងកាត់ការសិក្សា ត្រួតពិនិត្យ ពិសោធន៍ និងតាមដានយ៉ាងម៉ត់ចត់ជាទីបំផុត មុននឹងសម្រេចអនុញ្ញាតឱ្យតាមបណ្តាប្រទេសលើពិភពលោកប្រើប្រាស់ ។

លោកជំទាវ បន្តថា តាមរយ:ការសិក្សាយ៉ាងច្បាស់លាស់របស់អង្គការ(WHO )នេះហើយ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ និងកុំបន្តរង់ចាំរើសប្រភេទវ៉ាក់សាំងតទៅទៀត ព្រោះប្រមុខរាជ រដ្ឋាភិបាលកម្ពុជា មានការគិតគូរ និងពិចារណាយ៉ាងល្អិតល្អន់ជាទីបំផុត ដោយមិនចេះតែសម្រេចចិត្តដោយគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ ក៏មានខេត្តមួយ ចំនួន គ្រោងនឹងបញ្ចប់យុទ្ធ នាការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅហើយ ។

សំឡេង ៖ «ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំងណាក៏ដូចវ៉ាក់សាំងណាដែរ ឱ្យតែវ៉ាក់សាំងនោះស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក គឺសុទ្ធសឹងតែជាវ៉ាក់សាំងដែលបានត្រួតពិនិត្យត្រឹមត្រូវ និងបានធ្វើការវាយ តម្លៃពីប្រសិទ្ធភាពនិងគុណ ភាពរបស់វាបានច្បាស់លាស់ហើយ បានជាគេដាក់ឱ្យប្រើ ប្រាស់ទៅដល់បណ្ដាមនុស្សនៅលើពិភពលោកយើងនេះ អ៊ីចឹងសូមបងប្អូនកុំមានអារម្មណ៍ថាវ៉ាក់សាំងនេះមិនល្អ វ៉ាក់សាំងនេះបានល្អ ហើយអ្នកខ្លះទៀតអង្គុយចាំរើសវ៉ាក់សាំងទៀត ឥឡូវនេះគេមានវ៉ាក់សាំងឱ្យចាក់គាត់អត់ចាក់ទេ គឺគាត់នៅរង់ចាំតែប្រភេទណាៗ ហើយប្រភេទនោះមិនមកគឺខ្លួនឯងមិនបានចាក់តែម្តង នៅពេលដែលអត់បានចាក់ហើយមនុស្សគ្រប់គ្នាបានចាក់គឺយើងឡេះឡះហើយ » ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងនៅកម្ពុជាសម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ សម្រេចបានចំនួន ៩៦,០៩ ភាគរយ និងសម្រាប់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ សម្រេចបាន៨៥,៥៥ភាគរយហើយ ៕

ប្រភព៖​​​​​​ AKP

មតិយោបល់