សហភាពអឺរ៉ុបនិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលអន្តរកាលថ្មីមួយ ដែលត្រូវបានបង្ហាញដោយក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ មិនបានគោរពទៅតាមការសន្យារបស់មេដឹកនាំក្រុមនេះ ដែលថានឹងរួមបញ្ចូលក្រុមផ្សេងៗគ្នានោះទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យសហភាពអឺរ៉ុបបានលើកឡើងថា «ក្រោយការវិភាគជាបឋមទៅលើបញ្ជីឈ្មោះបុគ្គលដែលត្រូវបានប្រកាសនោះ វាហាក់ដូចជាការបង្កើតរដ្ឋាភិបាលនោះមិនមានលក្ខណៈចម្រុះនិងតំណាងឲ្យក្រុមផ្សេងៗ ដែលមកពីក្រុមជនជាតិនិងសាសនាខុសគ្នានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលយើងសង្ឃឹមថានឹងឃើញនៅក្នុងរដ្ឋាភិបាលថ្មីនោះ ព្រោះនេះជាការសន្យារបស់ក្រុមតាលីបង់ក្នុងពេលកន្លងមក»។
សហភាពអឺរ៉ុបដែលមានប្រទេស២៧ជាសមាជិក បានដាក់ចេញ៥ចំណុចនៅក្នុងការបង្កើនការទាក់ទិនរបស់ខ្លួនជាមួយក្រុមតាលីបង់ ដែលក្នុងនោះក៏រួមមានការបង្កើតរដ្ឋាភិបាលអន្តរ កាលមួយដែលរួមបញ្ចូល«តំណាងក្រុមនានា»ផងដែរ។
អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបលើកឡើងថា សមាសភាពនៃរដ្ឋាភិបាលដែលមាន«ភាព ចម្រុះនិងតំណាង»ត្រូវគេរំពឹងទុកថានឹងកើតមានឡើងនៅក្នុងរដ្ឋាភិបាលអន្តរកាលមួយក្នុងពេលអនាគតនិងដែលជាលទ្ធផលនៃការចរចាគ្នា។
ក្រុមតាលីបង់កាលពីថ្ងៃអង្គារ បានប្រកាសឈ្មោះរដ្ឋាភិបាលចាំផ្ទះមួយ ដែលមានភាពតឹងរ៉ឹង ដែលគ្មានស្ត្រីឬបុគ្គលណាមួយ ដែលមិនមែនជាសមាជិករបស់ក្រុមតាលីបង់ ហើយនឹងរួមបញ្ចូលទាំងឥស្សរជនសំខាន់ៗ ដែលកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឬជាបុគ្គលដែលសហរដ្ឋអាមេរិក ត្រូវការចាប់ខ្លួនពីបទចោទប្រកាន់ភេរវកម្មផងដែរ។
រដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន២០នឹងធ្វើការពិភាក្សានៅថ្ងៃពុធដែលដឹកនាំដោយអ្នកការទូតជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់ ដែលនឹងត្រូវដោះស្រាយថាតើគួរត្រូវទាក់ទងជាមួយរដ្ឋបាលថ្មីរបស់ក្រុមតាលីបង់ដោយរបៀបណានោះ៕
មតិយោបល់