ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរសជនជាតិនីហ្សេរីយ៉ា ៣នាក់ និងខ្មែរ ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
លោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទ៖
-ទី១ឈ្មោះ ចាន់ រតនា ហៅ ហ្គោល ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ
-ទី២ឈ្មោះ ប៊ុន រ៉ាយុទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
-ទី៣ឈ្មោះ Innocent Onwumere Okafor ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
-ទី៤ឈ្មោះ Eric Chinedu Ankeke ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
-និងទី៥ឈ្មោះ Moses Chigozie Enebechi ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ១០៩៨.១១ក្រាម (ជាងមួយគីឡូ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ចាន់ រតនា និងឈ្មោះ ប៊ុន រ៉ាយុទ្ធ បានឆ្លើយថា ពួកគេបានស្គាល់ជនជាប់ចោទឈ្មោះ Innocent Onwumere Okafor បាន៧ខែ រហូតដល់ថ្ងៃចាប់ខ្លួន។
ពួកគេបន្តថា ក្រោយស្គាល់គ្នា ឈ្មោះ Innocent Onwumere Okafor បានឲ្យពួកគេយកគ្រឿងញៀនពីជនជាប់ចោទយកទៅឲ្យភ្ញៀវ ដោយឲ្យថ្លៃសេវា ២០០ដុល្លារ សម្រាប់ការងារម្តង។
ដោយឡែងជនជាប់ចោទឈ្មោះ Innocent Onwumere Okafor ឈ្មោះ Eric Chinedu Ankeke និងឈ្មោះ Moses Chigozie Enebechi បានបដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។ ហើយពួកគេក៏មិនដែលស្គាល់ឈ្មោះ ចាន់ រតនា និងឈ្មោះ ប៊ុន រ៉ាយុទ្ធ នោះទេ។
ទោះជាយ៉ាងណាសំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ៕
https://youtu.be/OQPvACHgBuI
មតិយោបល់