(Reuters) - ម្ចាស់ជំនួយបានសន្យានឹងផ្តល់ប្រាក់ជាង ១,១ ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយប្រទេសអាហ្វហ្គានីស្ថានដែលភាពក្រីក្រ និងភាពអត់ឃ្លានបានកើនឡើងចាប់តាំងពីក្រុមតាលីបង់អ៊ីស្លាមបានឡើងកាន់អំណាច ហើយជំនួយបរទេសបានកាត់ផ្តាច់ដែលបណ្តាលឲ្យមានការភ័យខ្លាចពីការភៀសខ្លួនដ៏រញ៉េរញ៉ៃ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅពាក់កណ្តាលសន្និសីទរបស់អង្គការសហប្រជាជាតិដែលស្វែងរកប្រាក់ចំនួន ៦០៦ លានដុល្លារសហរដ្ឋអាមេរិកដើម្បីបំពេញតម្រូវការបន្ទាន់បំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយលោកបាននិយាយថា ពេលនេះគឺឆាប់ពេក ក្នុងការនិយាយថា តើមានទឹកប្រាក់ប៉ុន្មានដែលសន្យានឹងផ្តល់ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវនោះ។
លោកបាននិយាយថា បន្ទាប់ពីសង្គ្រាម និងការរងទុក្ខវេទនាជាច្រើនទសវត្សរ៍ ប្រជាជនអាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹង “ប្រហែលជាពេលវេលាដ៏គ្រោះថ្នាក់បំផុតរបស់ពួកគេ” ។
“ប្រជាជនអាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងការដួលរលំនៃប្រទេសមួយទាំងមូល ក្នុងពេលតែមួយតែម្តង”។
លោកបាននិយាយថាស្បៀងអាហារអាចនឹងអស់នៅចុងខែនេះ ហើយកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា ប្រជាជន ១៤ លាននាក់ កំពុងខិតជិតទៅរកភាពអត់ឃ្លាន។
ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានដោយអនុវត្តការបកស្រាយច្បាប់អ៊ីស្លាមដ៏តឹងរឹងរបស់ពួកគេ ដែលបានគ្រប់គ្រងប្រទេសក្នុងកំឡុងឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ និងត្រូវបានផ្តួលរំលំដោយការលុកលុយដែលដឹកនាំដោយសហរដ្ឋអាមេរិកដោយបានចោទប្រកាន់ថាក្រុមតាលីបង់បានផ្តល់ជំរកដល់ក្រុមសកម្មប្រយុទ្ធដែលនៅពីក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា។
ក្រុមតាលីបង់បានដណ្តើមអំណាចមកវិញយ៉ាងឆាប់រហ័សកាលពីខែមុន ខណៈដែលកងទ័ពចុងក្រោយរបស់ណាតូដឹកនាំដោយសហរដ្ឋអាមេរិក បានដកចេញ និងកងកម្លាំងរបស់រដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចបានបែកខ្ញែកគ្នា។
ក្នុងសន្និសិទនាទីក្រុងហ្សឺណែវ វាគ្មិនមួយចំនួនបាននិយាយថា ដោយសារតែជំនួយជាទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកត្រូវបញ្ឈប់ភា្លមៗ ដោយសារតែប្រទេសលោកខាងលិចមិនចូលចិត្ត និងមិនទុកចិត្តក្រុមតាលីបង់ ហើយម្ចាស់ជំនួយមាន “កាតព្វកិច្ចខាងសីលធម៌” ដើម្បីបន្តជួយអាហ្វហ្កានីបន្ទាប់ពីការចូលរួមជួយអស់រយៈពេល ២០ ឆ្នាំមកហើយ។ ប៉ុន្តែប្រទេសចិន និងប៉ាគីស្ថានដែលជាប្រទេសជិតខាងបានផ្តល់ជំនួយរួចហើយ។
លោកស្រី Michelle Bachelet ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវក៏បានគូសបញ្ជាក់ពីការយល់ខុសរបស់ប្រទេសលោកខាងលិច។ លោកស្រីក៏បានចោទប្រកាន់លើក្រុមតាលីបង់ថា បានរំលោភការសន្យាកាលពីពេលថ្មីៗនេះ ដោយដាក់បញ្ជាឲ្យស្ត្រីនៅឯផ្ទះ មិនឲ្យទៅធ្វើការ មិនឲ្យក្មេងស្រីជំទង់ទៅសាលារៀន និងធ្វើបាបដល់អ្នកប្រឆាំងខ្លួន ៕
មតិយោបល់