(Reuters) - នៅថ្ងៃច័ន្ទ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានត្រួតពិនិត្យការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំជាមួយប្រទេស Belarus មុនការបោះឆ្នោតសភានៅចុងសប្តាហ៍នេះ ខណៈដែលប្រទេស Poland ដែលជាសមាជិកណាតូបានសម្តែងការព្រួយបារម្ភចំពោះសមយុទ្ធនេះ ។
ការធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិតប្រទេស “ Zapad-2021″ នឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍នៅទីតាំងជាច្រើនក្នុងប្រទេសរុស្ស៊ី និងប្រទេស Belarus ដែលជាអតីតសហភាពសូវៀត ហើយទីតាំងខ្លះនៅជិតព្រំដែនប្រទេសដែលជាសមាជិកណាតូ ។ ប្រទេសទាំងពីបានបង្កឲ្យមានការព្រួយបារម្ភនៅបណ្តាប្រទេសជិតខាងដូចជាអ៊ុយក្រែនជាដើម ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សមយុទ្ធកាលពីថ្ងៃចន្ទ ផ្តោតលើការទប់ទល់នឹងការវាយប្រហារ របស់កងកម្លាំងសត្រូវ ។ នៅតំបន់អាក់ទិក កងនាវាចរ និងទ័ពអាកាសភាគខាងជើងរបស់ប្រទេសរុស្ស៊ីបានហ្វឹកហាត់ដើម្បីវាយលុក ដែលការហ្វឹកហាត់នេះនៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសន័រវែស ។
ប្រធានាធិបតីរុស្ស៊ីលោក Putin បាននិយាយថា សមយុទ្ធដែលក្រសួងការពារជាតិនិយាយថាមានការចូលរួមពីបុគ្គលិកចំនួន ២០០.០០០ នាក់ ក៏ដូចជាយន្តហោះចំនួន ៨០ គ្រឿង ឧទ្ធម្ភាគចក្រ និងរថក្រោះជិត ៣០០ គ្រឿង មិនត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយបានហៅសមយុទ្ធនោះថា ជាការឆ្លើយតបចាំបាច់ចំពោះការបង្កើនសកម្មភាពរបស់ណាតូនៅជិតព្រំដែនប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន ។
មេដឹកនាំរុស្ស៊ីរូបនេះបានធ្វើដំណើរទៅកាន់តំបន់ Nizhny Novgorod ខាងកើតទីក្រុងម៉ូស្គូជាមួយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ដែលជាសម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធដើម្បីពិនិត្យមើលសមយុទ្ធដែលកំពុងធ្វើឡើងនៅទីនោះ ។
ប្រទេសរុស្ស៊ីនឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី ១៧-១៩ ខែកញ្ញា។ គណបក្ស United Russia ដែលកំពុងកាន់អំណាចដែលគាំទ្រប្រធានាធិបតីលោក Putin ត្រូវបានគេរំពឹងថានឹងទទួលបានជ័យជម្នះ បើទោះបីជាប្រជាប្រិយភាពរបស់គណបក្សធ្លាក់ចុះក៏ដោយ ។
អង្គការណាតូបានចោទប្រកាន់រុស្ស៊ីថាបានចល័តទ័ពដោយមិនបានរាយការណ៍កាលពីពេលកន្លងទៅបាននិយាយថា ខ្លួននឹងឃ្លាំមើលការធ្វើសមយុទ្ធនេះយ៉ាងដិតដល់។ មន្ត្រីណាតូក៏បានព្រមានដែរថា សមយុទ្ធនេះបង្កើនហានិភ័យ ឬការយល់ខុសដែលអាចបណ្តាលឲ្យមានវិបត្តិ ។
រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Zbigniew Rau បាននិយាយថា “នៅពេលដែលប្រទេសនីមួយៗមានសិទ្ធិធ្វើសមយុទ្ធយោធា តម្លាភាពមានដែនកំណត់ បរិបទនៃសមយុទ្ធកាន់តែធំ និងអមដោយសកម្មភាពដែលមានបំណងច្រើនរួមគ្នា ការព្រួយបារម្ភរបស់យើងកាន់តែកើនឡើង” ៕
មតិយោបល់