យោងតាមការចុះផ្សាយ របស់បណ្តាញព័ត៌មាន Reuters គឺរដ្ឋាភិបាលប្រទេសម៉ាលី កំពុងតែចរចា ជាមួយនឹងក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី ឈ្មោះ វ៉ាកនែរ (Wagner) ដើម្បីឲ្យក្រុមទាហានស៊ីឈ្នួលនេះ មកប្រយុទ្ធបោសសំអាតក្រុមភេរវកម្ម។ ដំណឹងនេះ បានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង ពីសំណាក់រដ្ឋាភិបាលបារាំង ខណៈដែលបច្ចុប្បន្ន បារាំងមានតួនាទីដឹកនាំកងទ័ពសម្ព័ន្ធមិត្ត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមជីហាតភេរវកម្ម នៅម៉ាលី ក៏ដូចជានៅតំបន់សាហ៊ែលទាំងមូល។
លោក ហ្សង់អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានលើកឡើង ថា៖
« Wagner គឺជាក្រុមកម្លាំងប្រដាប់អាវុធឯកជន ដែលប្រមូលផ្តុំទៅដោយទាហានស៊ីឈ្នួល។ ក្រុមនេះ បានបញ្ចេញថ្វីដៃ ដូចដែលយើងបានឃើញនៅស៊ីរីស្រាប់ហើយ ជាមួយនឹងសកម្មភាពយ៉ាងសាហាវ ដូចជាការបាញ់សម្លាប់ តាមប្រម៉ាញ់ និងអំពើរំលោភបំពានផ្សេងទៀត គ្រប់ទំរង់។ សកម្មភាពដ៏សាហាវបែបនេះ គឺវាមិនអាចជាមធ្យោបាយ ស្វែងរកដំណោះស្រាយណាមួយបានទេ។
ពោលគឺវាមិនអាច មកសហការរួមគ្នា ជាមួយនឹងវត្តមានរបស់ពួកយើង បានជាដាច់ខាត។ ជាក់ស្តែងករណីនៅអាហ្វ្រិកកណ្តាល វត្តមានរបស់ក្រុមនេះ បានបង្កឲ្យមានបញ្ហាវិបត្តិសន្តិសុខ កាន់តែធ្ងន់ឡើង។ ដូច្នេះ អន្តរាគមន៍របស់ ក្រុមទាហានស៊ីឈ្នួលរបៀបនេះ គឺវាផ្ទុះស្រលះទាំងស្រុង ជាមួយនឹងកម្មវត្ថុ ក៏ដូចជាប្រតិបត្តិការ របស់សម្ព័ន្ធមិត្តតំបន់សាហ៊ែល និងអន្តរជាតិ នៅក្នុងប្រទេសម៉ាលី។ »
មតិយោបល់