ព័ត៌មានជាតិ

អុញនោះ! ក្នុងហាងកាហ្វេ អាម៉ាហ្សូនមានជនសង្ស័យជាគ្រូបង្រៀនលួចទូរស័ព្ទពីសិស្សសាលាម្នាក់ ផ្អើលទាំងថ្ងៃ

កណ្ដាលៈ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១ និង ៣០នាទី ត្រង់ចំណុចក្នុងហាងកាហ្វេអាម៉ាហ្សូន ស្ថិតភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ខេត្តកណ្ដាល មានករណីលួចមួយកើតឡើង ។

ជនរងគ្រោះឈ្មោះ គន្ធ សត្យា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ភីម សុវណ្ណធឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ សញ្ជាតិអាមេរិក មុខរបរគ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់ (ចល័ត) ក្នុងក្រុងតាខ្មៅ (ឃាត់ខ្លួន )។

វត្ថុតាងដកហូតបាន៖ ទូរសព្ទ័មួយគ្រឿង iPhone 7plus ពណ៌ខ្មៅ ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះបានចូលផឹកកាហ្វេ ដោយទូរសព្ទ័របស់ខ្លួនអស់ថ្ម ក៏ទុកនៅក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអីរួចចូលទៅបន្ទប់ទឹក ខណៈជនរងគ្រោះចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យ ដែលអង្គុយក្បែរគ្នាបានបន្លំលួចលូកយកទូរស័ព្ទ រួចគេចខ្លួនបាត់ទៅ បន្ទាប់ពីមកវិញជនរងគ្រោះរកទូរស័ព្ទមិនឃើញក៏សុំបើកកាមេរ៉ាសុវត្ថិភាព ពីម្ចាស់ហាងកាហ្វេ ដើម្បីឆែកមើលឃើញជនសង្ស័យអង្គុយក្បែរ ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន បន្ទាប់មកបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍តាខ្មៅហើយបានបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យរួចបានឃើញជនសង្ស័យ កំពុងអង្គុយផឹកកាហ្វេនៅហាងកាហ្វេនៅក្រោយសាលាសុវណ្ណភូមិ ក៏ហៅសួរ និងធ្វើការឆែកឆេរឃើញទូរសព្ទ័នៅក្នុងហោប៉ៅខោជនសង្ស័យ បន្ទាប់មកឃាត់បញ្ជូនមកប៉ុស្តិ៍តាខ្មៅដើម្បីចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទ ជនរងគ្រោះប្រាកដមែន៕

មតិយោបល់