នៅថ្ងៃសុក្រ ទី១៧ កញ្ញា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកឡយ អូស្ទីនបានថ្លែងសុំទោសចំពោះការស្លាប់ជនស៊ីវិលអាហ្វហ្កានីស្ថានចំនួន ១០នាក់នៅក្នុងការវាយប្រហាររបស់អាមេរិកកាលពីថ្ងៃទី២៩ សីហាក្នុងក្រុងកាប៊ុល។ ការថ្លែងសុំទោសនេះក៏មានពីឧត្តមសេនីយអាមេរិកលោក Kenneth McKenzie នៅក្នុងសន្និសីទកាសែតមួយក្រុងក្រុងវ៉ាស៊ីតោន។ ទន្ទឹមនឹងការសុំទោស ឧត្តមសេនីយ McKennzie បានចូលរួមរំលែកទុកជាមួយក្រុមគ្រួសារជនរងគ្រោះ និងបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិកជាកំហុសឆ្គងយុទ្ធសាស្រ្តដោយមានជំនឿថា ការវាយប្រហារពេលនោះអាចទប់ស្កាត់បានភ្លាមនូវការគំរាមកំហែងប្រឆាំងនឹងកម្លាំងរបស់អាមេរិក និងចំពោះអ្នកដែលបានព្យាយាមជម្លៀសខ្លួនទៅកាន់ព្រលានយន្តហោះក្រុងកាប៊ុល។
«ក្រោយពីបានធ្វើការសិក្សា វិភាគយ៉ាងល្អិតល្អន់ដោយប្រយ័ត្នប្រយែងលើលទ្ធផលនៃការស៊ើបអង្កេតជាមួយក្រុមដៃគូរបស់យើងមក ខ្ញុំជឿជាក់ដោយប្រាកដប្រជាថា ជនស៊ីវិលចំនួន ១០នាក់ ក្នុងនោះមានក្មេងចំនួន ៧នាក់ត្រូវបានសម្លាប់យ៉ាងខ្លោចផ្សារជាទីបំផុតនៅក្នុងការវាយប្រហារនោះ។ លើសពីនេះ យើងទទួលស្គាល់ថា វាហាក់មិនពិតទេដែលថា រថយន្ត និងអ្នកស្លាប់នៅក្នុងរថយន្តនោះមានជាប់ពាក់ព័ន្ធជាមួយអង្គការរដ្ឋអ៊ីស្លាមនៅកូរ៉ាសាន់ ឬមួយក៏បង្កការគំរាមកំហែងដោយផ្ទាល់លើកម្លាំងទ័ពអាមេរិកនោះ។
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាទីបំផុតជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ។ ការវាយប្រហារនេះបានធ្វើឡើងដោយមានការជឿជាក់ថា វានឹងទប់ស្កាត់បានភ្លាមនូវការគំរាមកំហែងប្រឆាំងនឹងកម្លាំងរបស់យើង និងចំពោះអ្នកដែលបានព្យាយាមជម្លៀសខ្លួនទៅកាន់ព្រលានយន្តហោះក្រុងកាប៊ុល។ តែនេះជាកំហុសឆ្គងមួយ ហើយខ្ញុំសូមសម្តែងការសុំទោសដោយស្មោះអស់ពីដួងចិត្ត។ គ្មានកងទ័ពណាដែលធ្វើការលំបាកដូចយើងដើម្បីចៀសវាងការស្លាប់ជនស៊ីវិលស្លូតត្រង់ទេ។
នៅពេលដែលយើងមានហេតុផលដោយជឿថា យើងបានសម្លាប់ជនស៊ីវិល យើងបើកការស៊ើបអង្កេត ហើយបើពិតមែននោះ យើងទទួលស្គាល់កំហុស។ ក្នុងនាមជាមេបញ្ជាការនៃប្រតិបត្តិការប្រយុទ្ធ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារ និងផលវិបាកកើតចេញពីការវាយប្រហារនេះ »៕
មតិយោបល់