ព័ត៌មានជាតិ

កូរ៉េខាងជើង ព្រមានថាកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ របស់អាមេរិក ជាមួយអូស្ត្រាលី នឹងបង្កឱ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២០ ខែកញ្ញានេះបានរិះគន់លើការបង្កើតសម្ព័ន្ធភាពថ្មីរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលនឹងផ្តល់បច្ចេកវិទ្យា ដើម្បីជួយអូស្ត្រាលីក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយព្រមានថាវាអាចនឹងបង្កឲ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីកាលពីសប្ដាហ៍មុន បានប្រកាសពីការបង្កើតសម្ពន្ធភាពត្រីភាគីថ្មីមួយមានឈ្មោះថា AUKUS (A-UK-US) ហើយតាមរយៈ សម្ព័ន្ធភាពនេះ អាមេរិក និងអង់គ្លេសសន្យាផ្តល់បច្ចេកវិទ្យាជួយអូស្ត្រាលីក្នុងការផលិតនាវាមុជទឹកដើរដោយថាមពនុយក្លេអ៊ែរ។

ឆ្លើយតបទៅនឹងផែនការជួយអូស្ត្រាលីផលិតនាវាមុជទឹកនេះដែរ ក្រសួងការបរទេសកូរ៉េខាងជើងតាមរយៈទូរទស្សន៍រដ្ឋ KCNA បានបញ្ជាក់ថាផែនការអាមេរិក អង់គ្លេស និងអូស្ត្រាលី អាចនឹងបង្កអតុល្យភាពជាយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយនឹងជំរុញឱ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ។

កិច្ចសន្យារវាង អាមេរិក អង់គ្លេស និងអូស្ត្រាលី បានធ្វើឲ្យបារាំងខាតបង់ ៤០ពាន់លានដុល្លារពីការលុបចោលកិច្ចព្រមព្រៀងទិញ នាវាមុជទឹករបស់អូស្ត្រាលី៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់