កាលពីថ្ងៃអាទិត្យ សកម្មជនស្ត្រីជាងម្ភៃនាក់ បានតវ៉ានៅខាងក្រៅក្រសួងកិច្ចការនារីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រសួងនេះត្រូវបានបិទដោយក្រុមសកម្មប្រយុទ្ធតាលីបង់នៅពេលដែលពួកគេ ឡើងកាន់អំណាចនៅទីក្រុង Kabul និងត្រូវបានដាក់ជំនួសដោយក្រសួងលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើទុច្ចរិតវិញ ។
មន្ត្រីនារីបាននិយាយថា ពួកគេបានព្យាយាមត្រឡប់ទៅធ្វើការនៅក្រសួងនេះជាច្រើនសប្តាហ៍ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់អំណាចកាលពីខែមុន ប៉ុន្តែបានត្រឹមតែទទួលដំណឹងឲ្យត្រលប់ទៅផ្ទះវិញ ។
ស្លាកក្រសួងកិច្ចការនារីត្រូវបានជំនួសដោយស្លាកក្រសួងលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើទុច្ចរិត។
លោកស្រី Baseera Tawana ជាអ្នកតវ៉ាម្នាក់នៅខាងក្រៅអគារបាននិយាយថា “ក្រសួងកិច្ចការនារីត្រូវតែមានដំណើរការឡើងវិញ។ ការដកស្ត្រីចេញពីកន្លែងធ្វើការមានន័យថា លុបបំបាត់មនុស្សជាតិ”។
នៅពេលដែលក្រុមអ៊ីស្លាមតាលីបង់បានកាន់អំណាចកាលពីឆ្នាំ១៩៩៦-២០០១ ពេលនោះ ក្មេងស្រីមិនត្រូវបានអនុញ្ញាតឲ្យទៅសាលារៀនទេ និងស្ត្រីត្រូវបានហាមឃាត់មិនឲ្យធ្វើការ និងទទួលការអប់រំឡើយ។
ក្នុងកំឡុងពេលនោះ ក្រសួងលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើទុច្ចរិតត្រូវបានគេស្គាល់ថា ជានគរបាលរបស់ក្រុមតាលីបង់ ដោយអនុវត្តតាមការបកស្រាយអំពីច្បាប់ sharia ដែលរួមបញ្ចូលទាំងច្បាប់តឹងរ៉ឹងស្តីពីការស្លៀកពាក់ ការកាត់ទោសជាសាធារណៈ និងការដាក់ទណ្ឌកម្ម។
ការតវ៉ានេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្មេងស្រីមួយចំនួនបានវិលត្រឡប់មកសាលាបឋមសិក្សាវិញ ដែលមានថ្នាក់រៀនបែងចែកភេទ ប៉ុន្តែក្មេងស្រីវ័យជំទង់បានរង់ចាំយ៉ាងអន្ទះសាដោយភាពមិន ច្បាស់លាស់ថា តើពួកគេនឹងអាចបន្តការសិក្សាឡើងវិញបានដែរឬទេ និងពេលណាដែលពួកគេអាចចូលរៀនបាន។
លោកស្រី Taranum Sayeedi ជាអ្នកតវ៉ាបាននិយាយថា “អ្នកមិនអាចគាបសង្កត់សិទ្ធិបញ្ចេញមតិរបស់ស្ត្រីអាហ្វហ្គានីស្ថានដោយឲ្យក្មេងស្រីនៅផ្ទះ និងដាក់កំហិត ក៏ដូចជាមិនអនុញ្ញាតឲ្យពួកគេទៅសាលារៀនឡើយ”។
“ស្ត្រីអាហ្វហ្គានីស្ថានសព្វថ្ងៃនេះមិនមែនជាស្ត្រីអាហ្វហ្គានីស្ថានកាលពី ២៦ឆ្នាំមុនឡើយ”។
ក្រុមមន្ត្រីតាលីបង់បាននិយាយថា ពួកគេនឹងមិនវិលត្រឡប់ទៅរកគោលនយោបាយច្បាប់សាសនាតឹងរ៉ឹងជាមូលដ្ឋានរបស់ពួកគេទេ រួមទាំងការហាមឃាត់ក្មេងស្រីជាច្រើននាក់មិនឲ្យទទួលបានការអប់រំឡើយ ៕
មតិយោបល់