ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន ៖ ​អំពាវ​នាវ​សូម​​ឱ្យ​ក្រសួង​សុខាភិបាល​ធ្វើការ​ពិចារណា​​តើ​​គួរ​ផ្អាក​នូវ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​បាន​ឬទេ ឬ​ក៏​កាត់​បន្ថយ​តាម​របៀប​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​សុំ​គណៈ​សង្ឃ​នាយក​កម្ពុជា ឱ្យ​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ ដើម្បី​សិក្សា​ពី​លទ្ធភាព​ផ្អាក​ការ​រៀបចំ​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​តាម​វត្ត​អារាម​នានា​នៅទូទាំង​ប្រទេស បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​ផ្ទុះ​ឡើង​នៅ​តាម​វត្ត​មួយ​ចំនួន​នា​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​មាន​កិច្ច​ពិភាក្សា​បែប​នេះ​តាម​រយៈ​សារ​ជា​សំឡេង​ដែល​សម្ដេច​តេជោ​បាន​ផ្ញើ​ទៅ​កាន់​មហាជន​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​នៅ​រសៀល​ថ្ងៃ​នេះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ដូច្នេះ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ សូម​ស្នើ​ឱ្យ​​គណៈ​សង្ឃ​នាយក​ដែល​ជា​គណៈ​ប្រតិបត្តិ​នៃ​ការ​គ្រប់​គ្រង​សង្ឃ ចូល​រួម​ជាមួយ​ក្រសួង​ធម្មការ ធ្វើ​ការ​ពិនិត្យ​បន្ទាន់ ហើយ​ដោយ​គិត​គូរ​ទៅ​លើ​វិធានការ​ទាំង​ឡាយ​ដែល​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល»។

សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​បែប​នេះ បន្ទាប់​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ បាន​ផ្ទុះ​ឡើង​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​​នៅ​រាជ​ធានី​ភ្នំពេញ​រួច​ហើយ​នៅ​អំឡុង​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​រយៈ​ពេល ២​ថ្ងៃ​កន្លង​មក​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា៖ «ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​អំពាវ​នាវ​សូម​​ឱ្យ​ក្រសួង​សុខាភិបាល​ធ្វើការ​ពិចារណា​​តើ​​គួរ​ផ្អាក​នូវ​ពិធី​នេះ​បាន​ឬទេ ឬ​ក៏​កាត់​បន្ថយ​តាម​របៀប​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន»។

ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា រហូត​ទៅ​ដល់​ថ្ងៃ​ទី០៤ ខែ​តុលា មុន​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ធំ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា​ខាង​មុខ​នេះ។

ពិធី​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ គឺ​ជា​ប្រពៃណី​ដ៏​សំខាន់​មួយ​របស់​ប្រជា​ជន​កម្ពុជា ដែល​គោរព​ប្រតិបត្តិ​តាម​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ហើយ​ពលរដ្ឋ​កម្ពុជា​ក្នុង​ចំនួន​ដ៏​ច្រើន តែង​តែ​ប្រមូល​ផ្ដុំ​ជួប​ជុំ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ​នៅ​តាម​វត្ត​អារាម​នានា​នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​សារ​ជា​សំឡេង​ដដែល​នោះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​​បង្ហាញ​ក្ដី​បារម្ភ​ថា ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា អាច​នឹង​ផ្ទុះ​ឡើង​រឹត​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​រហូត​ដល់​លែង​គ្រប់​គ្រង​បាន បន្ទាប់​ពី​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «ក្នុង​រយៈ​ពេល ១៥​ថ្ងៃ​ពេល​កាន់​បិណ្ឌ​រហូត​ទៅ​ដល់​ពេល​ភ្ជុំ តើ​យើង​នឹង​មាន​មនុស្ស​ប៉ុន្មាន​ពាន់ ប៉ុន្មាន​​ម៉ឺន​នាក់​ដែល​ត្រូវ​ឆ្លង ប្រសិន​បើ​ការ​ផ្ទុះ​​នៅ​តាម​វត្ត។ មិន​មែន​បញ្ហា​តែ​វត្ត​ទេ នៅ​ពេល​ពុទ្ធ​បរិស័ទ​ចេញ​ពី​វត្ត បាន​នាំ​ជំងឺ​ទាំង​នោះ​ទៅ​កាន់​ផ្ទះ​សម្បែង ទៅ​កាន់​ភូមិ​ឋាន​របស់​ខ្លួន ដែល​អាច​ថា ស្ទើរ​ចម្លង​គ្រប់​ផ្ទះ​តែ​ម្ដង។ នេះ​ហើយ​គឺ​ជា​កង្វល់»។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​សរុប​ ១០៦ ៦១៩​ករណី​ហើយ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មនុស្ស​រហូត​ដល់ ២ ១៧៦​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ខណៈ​អ្នក​ជំងឺ​សរុប ៩៩ ១៣៤​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

មតិយោបល់