សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម(USDA)ដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាក្នុងខែនេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមាន កំណើនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។
បើតាមសេចក្ដីប្រកាសបានបញ្ជាក់ថា ថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាម៉េរិក(USDA)ស្ថិតនៅក្នុងស្ថានទូតអាម៉េរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមាននៅទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីទ្រទ្រង់កិច្ចសហការ និង ពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្មសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។
ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការបើកការិយាល័យនេះ គឺជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឱ្យប្រជាជនកម្ពុជាទទួលបានទំនិញនិងសេវាប្រកបដោយគុណភាពពីសហរដ្ឋអាមេរិក។ ឯកឧត្ដម បានលើកឡើងថា “នៅប្រទេសកម្ពុជាគេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាម៉េរិក ហើយការិយាល័យថ្មីរបស់ USDA នេះនឹងជំរុញកិច្ចការនេះដើម្បីឱ្យអតិថិជននិងផលិតករកម្ពុជាទទួលបានផលិតផលនិងបច្ចេកវិទ្យាទាំងនោះឱ្យបានកាន់តែច្រើន”។
សូមជម្រាបជូនថា ទីផ្សារប្រទេសកម្ពុជាកំពុងមានកំណើនសម្រាប់ទំនិញកសិកម្មនាំចេញរបស់សហរដ្ឋអាមេរិកដោយក្នុងឆ្នាំ ២០២០ គឺលក់បានក្នុងតម្លៃ ៧២,៧លានដុល្លារ ដែលកើនឡើង ៤៧៤ភាគរយនៅក្នុងរយៈពេលជាង១០កន្លងមកនេះ។ ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ USDA ក៏នឹងជួយផងដែរដល់កសិករ និងសិស្សសាលានៅកម្ពុជាក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារតាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់ USDA ដូចជាកម្មវិធីMcGovern-Dole International Food for Education ដែលផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ។
បើតាមស្ថានទូតអាម៉េរិក ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)បានតែងតាំង កញ្ញា ហូយ សុខគា អ្នកឯកទេសខាងកិច្ចការកសិកម្មធ្វើជាជាតំណាង។ ជាមួយគ្នានេះ កន្លងមក សុខគា គឺជាអ្នកឯកទេសពាណិជ្ជកម្មរបស់ស្ថានទូតអាម៉េរិក នៅភ្នំពេញដោយនាងបានជួយក្រុមហ៊ុនអាម៉េរិកនានាឱ្យចូលមកបណ្តាក់ទុនក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរ៕
ប្រភព៖ AKP




មតិយោបល់