ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួន អគ្គនាយកក្រុមហ៊ុនម្នាក់ទៅតុលាការ ពាក់ព័ន្ធរឿងទទួលផលចោរកម្ម

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តបញ្ជូនខ្លួន ជនត្រូវចោទម្នាក់ ជាអគ្គនាយកក្រុមហ៊ុន យិន ត្រាង ឌីវេឡុបម៉ិន ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធ សំណុំរឿងទទួលផលចោរកម្ម។

សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះឈិន ចាន់ថុល ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ អគ្គនាយកក្រុមហ៊ុន យិន ត្រាង ឌីវេឡុបម៉ិន មានអាស័យដ្ឋានផ្ទះលេខ៨០៦ ផ្លូវNTZ ក្រុមទី០៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត ភូមិក្បាលជួរ ឃុំសំបុក ក្រុងក្រចេះ ខេត្តក្រចេះ ។

ប្រភពបញ្ជាក់ថា ជនត្រូវចោទត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ តាមដីកា បង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ របស់ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូត
រថយន្តចំនួន០៤គ្រឿង៖

-ទី១រថយន្តម៉ាក HAWTAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-
1787,
-ទី២រថយន្តម៉ាក LEXUS 300 ពណ៌ប្រផេះគ្មានស្លាកលេខ
-ទី៣រថយន្តម៉ាកកាមរី បាឡែន ពណ៌ប្រផេះ ពាក់ស្លាកលេខកំពង់ចាម
2A-2410
-និងទី៤រថយន្តម៉ា ក HIGHLANDER ពណ៌ទឹកប៊ិច គ្មានស្លាកលេខ។

គួររំឭកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់៖
-ទី១ ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ
-ទី២ឈ្មោះ ផេង លី ហៅ ដា ភេទស្រី អាយុ ៣៣ឆ្នាំ
-និងទី៣ឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស អាយុ ៤២ឆ្នាំ

ក្រោយឃាត់ខ្លួនរួច សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន មនុស្សទាំង ៣នាក់ ទៅតុលាការក្រុងភ្នំពេញ កាលព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមច្បាប់ ប៉ុន្តែប្រហែលជា សំណុំរឿងដែល សមត្ថកិច្ចកសាងនោះ មិនរឹងមាំទើបអាចបើកផ្លូវឲ្យ លោកព្រះរាជអាជ្ញារង សឿ ឡងឌី បានសម្រេចដោះលែងជនសង្ស័យ ម្នាក់ឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស អាយុ ៤២ឆ្នាំ
បានយ៉ាងផុយ។

ចំណែក ស្ត្រី ០២នាក់ទៀត ទី១ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ និងទី២ឈ្មោះ ផេង លី ហៅ ដា ភេទស្រី អាយុ ៣៣ឆ្នាំ ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត និងបទល្មើសសមគំនិត។

សូមជំរាបជូនថា សំណុំរឿងនេះ មានជនសង្ស័យចំនួន ០៨នាក់ កំពុងរត់គេចខ្លួន និងសមត្ថកិច្ចកំពុងតែតាមចាប់ខ្លួន រួមមាន៖
១- ឈ្មោះ ទឹក រដ្ឋា ហៅវុធ ហៅ នី ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

២- ឈ្មោះ អ៊ីង ចាន់ដារិទ្ធ ហៅ ជា ផាន់ណា ហៅ ហ៊ុយ ភេទប្រុស ឆ្នាំកំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិបត់រការ ឃុំបត់រការ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ391Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

៣- ឈ្មោះ ហែម ដារិទ្ធិ ហៅ រិន ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ44 ZA ផ្លូវ៣៣០ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

៤- ឈ្មោះ យ័ន ណាវីន ភេទស្រី ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន កំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

៥- ឈ្មោះ ឈិន ថុល ភេទប្រុស ឆ្នាំកំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុកកំណើត ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ និងមានទីលំនៅបច្ចុប្បន្ន ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ។

៦- ឈ្មោះ តី ភេទស្រី អាយុប្រហែល២៨ឆ្នាំ

៧- ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទស្រី អាយុប្រហែល៣៤ឆ្នាំ

៨- ឈ្មោះ ស៊ិន ឈឿនវិជ្ជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ

និង៩- ឈ្មោះ សេរី ហៅ ពេជ្រ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ កាន់ទូរស័ព្ទលេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១៕

មតិយោបល់