ព័ត៌មានជាតិ

WHO សម្រេច​អនុញ្ញាតជាផ្លូវការ នូវ​វិធីសាស្ត្រព្យាបាលជំងឺកូវីដ​១៩ មួយ​មុខទៀត ដោយ​ការ​​ចាក់​បញ្ចូលអង់ទីក័រ​សិប្បនិម្មិត

យោងតាមការចុះផ្សាយ​របស់ទស្សនាវត្តីវេជ្ជសាស្ត្រ The BMJ អ្នកជំនាញរបស់អង្គការសុខភាព​ពិភពលោក បានផ្តល់អនុសាសន៍ថា ការប្រើវិធីព្យាបាលដោយ​ចាក់បញ្ចូលអង់ទីក័រសិប្បនិម្មិត អាចធ្វើទៅបាន​តែក្នុង២ករណីទេ។ ករណីទី១ គឺសម្រាប់​អ្នក​ជំងឺ ទោះបីមាន​អាការៈមិនធ្ងន់ធ្ងរខ្លាំង តែជាមនុស្សងាយប្រឈមបំផុត និងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឧទាហរណ៍ ដូចជាមនុស្សចាស់ជរា ដែមាន​ប្រព័ន្ធអង់ទីក័រការពារខ្លួន ចុះខ្សោយខ្លាំង នៅក្រោយការវះកាត់ជាដើម។ ចំណែក ករណីទី២ គឺសម្រាប់អ្នកជំងឺមួយចំនួន ដែលមានអាការៈឈឺធ្ងន់ធ្ងរ ក្រោយឆ្លងកូវីដ៩ ក៏ប៉ុន្តែប្រព័ន្ធសរីរាង្គកាយ​ នៅតែមិនកម្រើកផលិត​ចេញ​ជាអង់ទីក័រ។ ដោយឡែក សម្រាប់អ្នកជំងឺកូវីដ​១៩ ទូទៅផ្សេងទៀត អ្នកជំនាញអះអាងថា ការព្យាបាលដោយ​ការចាក់អង់ទីក័រសិប្បនិម្មិតបែបនេះ គឺមិនមានប្រយោជន៍ទេ។

ការសម្រេច​របស់​អង្គការសុខភាពពិភពលោក គឺដោយ​ផ្អែកលើលទ្ធផលសិក្សាសាកល្បង ទ្រង់ទ្រាយធំមួយចំនួន ជាក់ស្តែង ការសិក្សាអង្កេត​ Recovery នៅប្រទេសអង់គ្លេស ដែលបង្ហាញថា អង់ទីក័រសិប្បនិម្មិតនេះ អាចជួយ​សង្គ្រោះជីវិត អ្នកជំងឺកូវីដ ​ដែលឈឺធ្ងន់ខ្លាំង​​ ហើយដែលសរីរាង្គ មិនបានផលិតអង់ទីករ័ទាល់តែសោះ​។

សូមបញ្ជាក់ថា អង់ទីក័រសិប្បនិម្មិត ស្រាវជ្រាវផលិតដោយមន្ទីរពិសោធន៍ Regeneron នេះ គឺផ្សំដោយ​អង់ទីក័រ២ គឺ casirivimab និង imdevimab។ ចាក់បញ្ចូលទៅក្នុងសរសៃឈាម របស់អ្នកជំងឺកូវីដ១៩ អង់ទីក័រនេះអាចទៅជួយ​ជ្រោមជ្រែង ប្រព័ន្ធសរីរាង្គការពារខ្លួន ឲ្យទប់ទល់ជាមួយ​មេរោគ Sars-CoV-2។ គឺអង់ទីក័រនេះហើយ ដែលគេបាន​ចាក់សាកល្បង ទៅឲ្យ​លោកដូណាល់​ត្រាំ កាលពីពេលលោក​ឆ្លងកូវីដ​១៩ នៅ​ខែកញ្ញា ឆ្នាំ២០២០។

ចែកចាយ​ដោយ​មន្ទីរពិសោធន៍ Roche ដោយដាក់ឈ្មោះថា Ronapreve អង់ទីក័រសិប្បនិម្មិតនេះ មានតម្លៃប្រមាណ​ជា​ ២០០០ដុល្លារក្នុងមួយដូស។ ពោលគឺជាតម្លៃដ៏ថ្លៃ ហើយ​ដែលត្រូវ​អង្គការមួយចំនួន​រិះគន់ ព្រោះប្រជាជននៅតាម​ប្រទេសក្រីក្រ ដែលគ្មាន​ប្រព័ន្ធសុខាភិបាលរឹងមាំ នឹងគ្មានលទ្ធភាព​ បានវាមកព្យាបាលទេ។ ដោយហេតុនេះហើយ អង្គការសុខភាពពិភពលោក សហការជាមួយ ទីភ្នាក់ងារជាវឱសថអន្តរជាតិ Unitaid កំពុងតែចរចាជាមួយមន្ទីរពិសោធន៍ Roche ដើម្បីចរចាបញ្ចុះតម្លៃ។ អង្គការសុខភាពពិភពលោក ក៏បានស្នើសុំផងដែរ ឲ្យមន្ទីរពិសោធន៍នេះ ផ្ទេរបច្ចេកវិទ្យា ដើម្បីអនុញ្ញាតឲ្យគេអាចផលិត​ អង់ទីក័រប្រភេទនេះ ឲ្យ​បានច្រើន។

សូមរំលឹកថា វិធីព្យាបាល​កូវីដ​១៩ ដោយ​ការចាក់បញ្ចូល​អង់ទីក័រសិប្បនិម្មិតនេះ គឺជា​វិធីព្យាបាល​ទី៣ហើយ ដែលអង្គការសុខភាពពិភពលោកអនុញ្ញាតជាផ្លូវការ។ វិធីទីមួយ គឺជាប្រភេទថ្នាំ Corticoïdes និងទី២ គឺជាការផ្សំរវាង​ថ្នាំ Antagonistes de l’interleukine 6 ជាមួយនឹង​ថ្នាំ Corticoïdes៕

 

មតិយោបល់