សហរដ្ឋអាមេរិកនឹងមិនគាំទ្រការផ្តល់កលយុទ្ធអាវុធនុយក្លេអ៊ែរឱ្យកូរ៉េខាងត្បូង ឬមិនរៀបចំការផ្តល់អាវុធនុយក្លេអ៊ែរជាមួយរដ្ឋាភិបាលក្រុងសេអ៊ូលនោះទេ បន្ទាប់ពីបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងលេចធ្លោម្នាក់បានស្នើបែបនេះ។ នេះបើយោងតាមមន្រ្តីក្រសួងការបរទេសអាមេរិក។
លោក Mark Lambert ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសម្រាប់កិច្ចការទាក់ទងប្រទេសជប៉ុន និងកូរ៉េបាននិយាយក្នុងវេទិកាតាមអនឡាញថា «អ្វីដែលខ្ញុំអាចនិយាយបានគឺអាមេរិកនឹងមិនគាំទ្រគោលនយោបាយនេះទេ។ ហើយខ្ញុំនឹងភ្ញាក់ផ្អើលដែលអ្នកចេញគោលនយោបាយនោះមិនដឹង ឬ អ្នកចេញសេចក្តីថ្លែងការណ៍ទាំងនោះមិនដឹងពីគោលនយោបាយអាមេរិក»។
សេចក្តីថ្លែងការណ៍នេះឆ្លើយតបនឹងសំណួរអំពីលោក Yoon Seok-youl បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងដែលនៅសប្តាហ៍នេះបាននិយាយថា លោកនឹងស្នើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្តល់កលយុទ្ធអាវុធនុយក្លេអ៊ែរជាថ្មី ឬយល់ព្រមធ្វើកិច្ចព្រមព្រៀងផ្តល់អាវុធនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងត្បូងត្រូវបានគំរាមកំហែងដោយកូរ៉េខាងជើង។
សហរដ្ឋអាមេរិកបានដកកលយុទ្ធអាវុធនុយក្លេអ៊ែរ ដែលគេស្គាល់ថា អាវុធនុយក្លេអ៊ែរនៅសមរភូមិ ចេញពីប្រទេសកូរ៉េខាងត្បូងនៅដើមទសវត្សរ៍១៩៩០។ អ្នកនយោបាយកូរ៉េខាងត្បូងអភិរក្សនិយមបានអំពាវនាវអស់ជាច្រើនឆ្នាំមកហើយឱ្យរៀបចំយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរឡើងវិញ ជាពិសេស ខណៈកូរ៉េខាងជើងបានពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែរ។
ជិត៧០%នៃប្រជាជនកូរ៉េខាងត្បូងគាំទ្រឱ្យប្រទេសនេះមានសមត្ថភាពនុយក្លេអ៊ែរផ្ទាល់ខ្លួន។ នេះបើយោងតាមការស្ទង់មតិដែលចេញផ្សាយនៅដើមខែនេះដោយវិទ្យាស្ថាន Asan របស់កូរ៉េខាងត្បូងដែលជាអង្គការស្រាវជ្រាវ។ លទ្ធផលនេះភាគច្រើនស្របនឹងការស្ទង់មតិផ្សេងទៀតអំពីបញ្ហានេះ។ នេះបើតាមលោក Lee Sang-sin អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ដែលផ្តោតលើការស្ទង់មតិ។
កូរ៉េខាងត្បូងបានធ្វើកម្មវិធីអាវុធនុយក្លេអ៊ែរមួយរយៈខ្លីក្នុងទសវត្សរ៍១៩៧០ ចំពេលមានចម្ងល់អំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់រដ្ឋាភិបាលវ៉ាស៊ីនតោនក្នុងការការពាររដ្ឋាភិបាលក្រុងសេអ៊ូល។ នាពេលថ្មីៗនេះ អ្នកអភិរក្សនៅកូរ៉េខាងត្បូងបានអំពាវនាវឱ្យរៀបចំឡើងវិញនូវយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ឬរៀបចំរៀបចំតាមរយៈអង្គការអូតង់ដែលប្រជាជនកូរ៉េខាងត្បូងនឹងត្រូវបណ្តុះបណ្តាលឱ្យចេះប្រើអាវុធនុយក្លេអ៊ែរអាមេរិកក្នុងពេលមានជម្លោះ៕
មតិយោបល់