ព័ត៌មានជាតិ

ក្រុមអភិរក្ស ប្រចាំស្រុកសៀមប៉ាង ហាមប្រាមប្រជាពលរដ្ឋ ក្នុងការចេញចូលតំបន់ដែនព្រៃអភិរក្សសត្វត្មាតរស់នៅ

ស្ទឹងត្រែង៖ មន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង ខេត្តស្ទឹង ត្រែង ហាមប្រាមប្រជាពលរដ្ឋ ក្នុងការចេញចូលតំបន់ដែនព្រៃអភិរក្សសត្វត្មាតរស់នៅ ។ បំរាមនេះយើងចង់រក្សាភាពស្ងប់ស្ងាត់ ដើម្បីកុំឱ្យសត្វវាផ្អើល និងបន្លាស់ទី ទៅរស់ នៅតំបន់ផ្សេងៗ ព្រោះខ្លាចត្រូវគេសម្លាប់វា ។

លោកបន្តថា បច្ចុប្បន្នក្រុមអភិរក្សសត្វស្លាប បានផ្តល់ចំណីបន្ថែមឱ្យសត្វត្មាតស៊ីក្នុងមួយខែ៤លើក ជារៀងរាល់ខែ ដើម្បីចិញ្ចឹមវាឱ្យរស់នៅបន្តពូជ ពងកូន ព្រោះតែចំណីធម្មជាតិក្នុងព្រៃ បច្ចុប្បន្នមិនសម្បូរបែបទេ ។

លោកណយ ខុង មេឃុំព្រែកមាសស្រុកសៀមប៉ាងបានបញ្ចាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋនៅតំបន់នេះមានការយល់ដឹងច្រើននិងឈប់ពឹងផ្អែកលើផលអនុផលព្រៃឈើហើយ ព្រោះពួកគាត់ បានងាកមកនាំគ្នាដាំដុះស្រូវត្រយ៉ងយក្សដែលអង្គការផ្តល់ពូជឱ្យ បានស្ទើរគ្រប់គ្នា ព្រោះនៅពេលប្រមូលផលស្រូវបានក្រុមអង្គការអភិរក្សសត្វត្មាតប្រមូលទិញក្នុងតម្លៃ១.៥០០ ទៅ១.៦៥០រៀលក្នុងមួយគីឡូក្រាមសម្រាប់ជួយលើកស្តួយជីវភាពរស់នៅ។

លោកបន្ថែមថា ការអភិរក្សសត្វស្លាបសង្កេតឃើញបង ប្អូនប្រជាពលរដ្ឋយើងភ្ញាក់ រឭកចូលរួមច្រើន ព្រោះពូកគាត់បានចាត់ទុកថាពពួកសត្វត្មាតទាំងនេះវាអាចបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា សត្វត្មាតបច្ចុប្បន្ននេះពេលក្រុមអភិរក្សដាក់ចំណីឱ្យវាស៊ីម្តងៗ សង្កេតឃើញមានចំនួនចាប់ ពី៨០ក្បាលទៅជិត១០០ ក្បាល តែប៉ុណ្ណោះ។ ក្នុងនោះសង្កេតឃើញមានត្មាតផេះ -ត្មាតត្នោត–ត្មាតភ្លើង-និងពពួកសត្វត្រយ៉ងយក្ស- សត្វចម្កំ ក ស-សត្វត្រដក់តូច-នឹងត្រដក់ធំ-និងក្អែកព្រៃ ផងដែរ ដែលមានរស់នៅតំនប់ព្រៃអភិរក្សនៅ ខេត្តស្ទឹងត្រែង មានចម្ងាយពីទីរួមស្រុក សៀមប៉ាង ប្រមាណជាង ១០គីឡូម៉ែត្រ ៕

 

ប្រភព៖​​​​​​ AKP

មតិយោបល់