ក្រោយពីការសម្រេចផ្តន្ទាទោសលើប្រធាននាវិក MT Strovolos ឲ្យជាប់ពន្ធនាគារចំនួន១៥ថ្ងៃនិងពិន័យជាប្រាក់១០០លានរ៉ូពី ពីសំណាក់តុលាការឥណ្ឌូនេស៊ី ជុំវិញការរំលោភបំពានច្បាប់ឥណ្ឌូនេស៊ីដោយសារការបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា ក្រុមនាវិកចំនួន១៩នាក់ទៀត ក៏កំពុងត្រូវបានសាកសួរពីការលួចដឹកជញ្ជូនប្រេងឆៅចំនួន២៩៥០០០បារ៉ែលចេញពីកម្ពុជាដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។
លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានបញ្ជាក់ថា កម្ពុជាកំពុងដាក់ស្នើនូវឯកសារច្បាប់ជាបន្តទៀតទៅកាន់ប៉ូលីសអន្តរជាតិអាំងទែប៉ូល ដើម្បីបញ្ជាក់ថាប្រេងឆៅជាង៣០ម៉ឺនបារ៉ែលដែលនាវា MT Strovolos ដឹកចេញទៅនោះជាកម្មសិទ្ធិរបស់កម្ពុជាពិតប្រាកដមែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពលនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងដែរថា រាល់ប្រេងឆៅទាំងអស់គឺជាកម្មសិទ្ធិផ្តាច់មុខរបស់កម្ពុជា និងមិនអាចក្លាយជាកម្មវត្ថុនៃការទាមទាររបស់នាវា MT Strovolos ខណៈដែលពួកគេមានវិវាទផ្នែកហិរញ្ញវត្ថុជាមួយក្រុមហ៊ុន Kris Energy នោះទេ។ ត្រង់ចំណុចនេះ សូមបញ្ជាក់បន្តិចថា ក្រុមហ៊ុន Kriss Energy ដែលទទួលបានសិទ្ធិបូមប្រេងនៅប្លុកAនៃដែនសមុទ្រកម្ពុជា បានជួលនាវា MT Strovolos ក្នុងការផ្ទុកនិងផ្ទេរប្រេងឆៅដែលបានបូមរួច។
មែនទែនទៅ ការដាក់ឯកសារទៅកាន់ប៉ូលិសអន្តរជាតិអាំងទ័រប៉ូលមិនមែនជារឿងថ្មីទេ ខណៈដែលនាវា MT Strovolos ត្រូវបានសាធារណរដ្ឋឥណ្ឌូនេស៊ីបានឃាត់ខ្លួននាវាមួយនេះតាំងពីអំឡុងខែកក្កដាមកម្ល៉េះ។ ហើយមកពេលនេះ មិនទាន់មានសញ្ញាណាថា ប្រេងឆៅជាង៣០ម៉ឺនបារ៉ែលនឹងបានមកកម្ពុជានៅពេលនោះទេ ខណៈដែលលោកជៀប សួរ បញ្ជាក់ថា អ្វីដែលកម្ពុជាកំពុងធ្វើគឺចូលរួមផ្តល់ការសហការនិងភស្តុតាងឲ្យទៅតុលាការឥណ្ឌូនេស៊ី និងប៉ូលីសអន្តរជាតិអាំងទ័រប៉ូលបន្ថែមទៀត និងរង់ចាំដំណោះស្រាយជាបន្តពីប៉ូលីសអន្តរជាតិ។
គួរបញ្ជាក់ថា នាវា MT Strovolos បានលួចចាកចេញពីដែនសមុទ្រកម្ពុជា ដោយនាំយកនូវប្រេងឆៅចំនួន២៩៥០០០បារ៉ែលរបស់កម្ពុជា ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៩មិថុនា ក្រោយពេលដែលក្រុមហ៊ុនKriss Energy បានប្រកាសខ្លួនក្ស័យធុន និងមិនមានលទ្ធភាពសងបំណុល។ ហើយសម្រាប់កម្ពុជា ការឃាត់ខ្លួននិងកាត់ទោសលើប្រធាននាវិក MT Strovolos ពីសំណាក់ភាគីឥណ្ឌូនេស៊ី ជារឿងមួយគួរឲ្យសាទរ ខណៈដែលកម្ពុជាកំពុងស្នើធ្វើបត្យាប័នក្រុមនាវិកទាំងនោះមកកម្ពុជា ដើម្បីដោះស្រាយទៅតាមច្បាប់ជាតិនិងអន្តរជាតិជាបន្ត៕
មតិយោបល់