ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹង ស្តីពីការលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង នឹងគ្មានការលើក លែងជាលើកទី២ទៀតនោះទេ

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា យានយន្តដែលត្រូវបាន ដោះលែងហើយ នឹងគ្មានការលើក លែងជាលើកទី២ទៀតនោះទេ បើសិននៅតែបន្តដឹកលើសទម្ងន់កម្រិតកំណត់។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន២២៩គ្រឿង មុនកាលកំណត់រយៈពេល១ឆ្នាំទៅតាមច្បាប់កំណត់ ខណៈយានយន្តខ្លះទើបតែអនុវត្តដោយការឃាត់ទុកបាន រយៈពេល៦ខែ និងខ្លះ១១ខែ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តន៍វិធានការគ្រប់គ្រង ទប់ស្កាត់ យាន យន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅកម្ពុជា នៅថ្ងៃទី១ ខែតុលានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការអនុវត្តន៍ច្បាប់ដោយការឃាត់ទុកយានយន្ត ក្នុងករណីប្រព្រឹត្តបទល្មើសដឹកលើសទម្ងន់កម្រិតកំណត់នៅតែរក្សាដដែល និងគ្មានការបន្ធូរបន្ថយនោះឡើយ។ ឯកឧត្តម បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំលើការរឹតបន្តឹងច្បាប់បន្ថែមទៀត ដើម្បីថែរក្សាផ្លូវឱ្យបានអាយុកាលប្រើប្រាស់យូរអង្វែង ដែលនេះទាមទារឱ្យអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ ត្រូវតែចូលរួម និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន បើពុំដូច្នោះទេ នឹងត្រូវចាប់ពិន័យ និងឃាត់ទុកមួយឆ្នាំ ដោយគ្មានការលើកលែងដូចពេលនេះទៀតឡើយ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថា នៅពេលខាងមុខ ក្រសួងនឹងឈានទៅអនុវត្តច្បាប់លើការដកពិន្ទុលើបណ្ណបើកបរ ដោយស្វ័យប្រវត្តិ និងការដកយកបណ្ណបើកបរតែម្តង បន្ថែម លើការពិន័យ និងឃាត់ទុកមួយឆ្នាំ បើសិនម្ចាស់យានយន្តទាំងឡាយណា ដែលនៅតែបន្តដឹកលើសទម្ងន់កម្រិតកំណត់។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងប្រទេសមានស្ថានីយថ្លឹងយានយន្តអចល័តសរុប៣៣ កន្លែង និងចល័តចំនួន២។ ស្ថានីយជញ្ជីងអចល័តមាននៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ១០ និងផ្លូវជាច្រក របៀងសេដ្ឋកិច្ចផ្សេងទៀត ក្នុងគោលបំណងដើម្បីពង្រឹងការទប់ស្កាត់បទល្មើសយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ឱ្យស្ថិតស្ថេរ រឹងមាំ និងយូរអង្វែង៕

មតិយោបល់