ព័ត៌មានជាតិ

ក្រុម​តាលីបង់​ និងប្រទេសចិន​ ថា សហ​រដ្ឋ​អាមេរិក​បានរំលោភកិច្ច​ព្រមព្រៀង​លើដែនអាកាសអាហ្វហ្គានីស្ថាន

ក្រុម​តាលីបង់​ និងប្រទេសចិន​ បាន​អំពាវនាវ​ កាលពី​ថ្ងៃពុធ ឱ្យ​សហ​រដ្ឋ​អាមេរិក​បញ្ឈប់​ការ​ហោះហើរ​យន្តហោះគ្មាន​មនុស្ស​បើក​ (drones) ​នៅ​ក្នុង​ដែន​អាកាស​របស់​ប្រទេស​អាហ្វហ្គានីស្ថាន ​ដោយ​ពួកគេ​និយាយ​ថា​ សកម្មភាព​ទាំង​នេះ រំលោភ​អធិប​តេយ្យភាព​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​រំលោភ​កិច្ច​ព្រមព្រៀង​ទៅវិញ​ទៅមក​រវាង​ស.រ.អ.​ និង​ពួកតាលីបង់​ ដែល​ធ្វើ​ឡើង​នៅទីក្រុង​ដូហា ប្រទេស​កាតា។​

ក្រុម​តាលីបង់​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «ថ្មីៗ​នេះ ​យើង​បាន​ឃើញ​សហ​រដ្ឋ​អាមេរិក​រំលោភ​បំពាន​សិទ្ធិ​ និង​ច្បាប់​អន្តរជាតិ​ និង​រំលោភ​បំពានការ​ប្តេជ្ញា​ចិត្ត​ចំពោះ​អេមីរ៉ាតអ៊ីស្លាម ​គឺរដ្ឋាភិបាល​តាលីបង់ក្នុង​កិច្ច​ព្រមព្រៀង​នៅ​ទីក្រុង​ដូហា ​ប្រទេស​កាតា​ ខណៈ​ដែន​អាកាស​ដ៏​ពិសិដ្ឋ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ត្រូវ​បាន​ឈ្លានពាន​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក។ ​យើង​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ ជាពិសេស​សហ​រដ្ឋ​អាមេរិក ​គោរព​ប្រទេស​អាហ្វហ្គានីស្ថាន​តាម​សិទ្ធិ​ និង​ច្បាប់​អន្តរជាតិ​ និង​គោរព​ការ​ប្តេជ្ញា​ចិត្ត​របស់​ស.រ.អ.​ ដើម្បី​បង្ការ​ផលវិបាក​ជា​អវិជ្ជមាន​ណាមួយ»។​

មិនមាន​ការ​ឆ្លើយតប​ភ្លាមៗ​ពី​មន្រ្តី​អាមេរិក​ទេ។ ​ការព្រមាន​នេះ​ ទំនងជា​ការ​ឆ្លើយតប​នឹង​ការ​អត្ថាធិប្បាយ​នាពេលថ្មីៗ​នេះ​របស់​ក្រសួង​ការពារជាតិ​ស.រ.អ. ​ដែល​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រក្សា​«អំណាច​ចាំបាច់​ទាំងអស់​ដើម្បី​ប្រតិបត្តិប្រឆាំង​ភេរវកម្ម​ជ្រុល​និយម»​ នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។​

កាលពី​ថ្ងៃពុធ​ ប្រទេស​ចិន ក៏​បាន​បង្ហាញ​ការ​ប្រឆាំងប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក ​នៅក្នុង​ដែន​អាកាស​អាហ្វហ្គានីស្ថាន​ដែរ៕

មតិយោបល់