ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រាប់ទៅក្រុមហ៊ុនដឹកដី ដឹកខ្សាច់ទំាងអស់កុំចង់ចំណេញតែម្នាក់ឯងធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់និងសុខភាពសាធារណជន

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ប្រាប់ទៅក្រុមហ៊ុនដឹកដី ដឹកខ្សាច់ទំាងអស់កុំចង់ចំណេញតែម្នាក់ឯងធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់និងសុខភាពសាធារណជន ខណៈក្រសួងកំពុងចាត់វិធានការយ៉ាងតឹងរុឹងដោយគ្មានលើក លែងឡើយចំពោះរថយន្តដែលនៅល្មើសច្បាប់បង្កឱ្យមានបាតុភាពខូចផ្លូវ ដឹកជញ្ជូនធ្លាក់អាចម៍ដី និងដីខ្សាច់ធា្លក់រាយប៉ាយលើដងផ្លូវ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តន៍វិធានការគ្រប់គ្រង ទប់ស្កាត់ យាន យន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយ គ្មានការលើកលែងឡើយ ចំពោះរថយន្តដឹកទំនិញ លើសកម្រិតកំណត់ ដឹកដី ដឹកខ្សាច់មិនគ្រប ហូរទឹកធ្លាក់តាមផ្លូវរួមជាមួយនឹងអាចម៍ដី ដែលធ្វើឱ្យប៉ៈពាល់សុខភាព សុវត្ថិភាពអ្នកបើកបរ និងបាត់បង់សោភ័ណភាពផ្លូវថ្នល់។

ឯកឧត្តមរដ្ឋមន្រ្តីបានទាមទារឱ្យម្ចាស់រថយន្ត ម្ចាស់ដេប៉ូ និងម្ចាស់ការដ្ឋានសំណង់ ត្រូវគិតគូរ ឡើងវិញ ដើម្បីបញ្ចៀសការផាកពិន័យផង និងចូលរួមធ្វើឱ្យផ្លូវថ្នល់សោភ័ណភាពស្រស់ស្អាត ការ បើកបរមានសុវត្ថិភាព។ ការណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ បានធ្វើឡើងខណៈ ដែលក្រសួង នៅតែបន្តឃើញមានរថយន្តដឹកដី ដីខ្សាច់ ដុំក្រួសជាច្រើន ដឹកលើសកម្រិតកំណត់ ពុំបានគ្របឱ្យបានត្រឹមត្រូវ ធ្វើឱ្យជ្រុះរាយប៉ាយនៅតាមដងផ្លូវ ដែលបង្កឱ្យផ្លូវមានធូលីហុយ ទ្រលោមដែលរំខានដល់អ្នកបើកបរ និង ប៉ៈពាល់ដល់សុខភាពអ្នករស់នៅអមសងខាងផ្លូវ។ម្យ៉ាងវិញទៀតការធ្លាក់ដុំក្រួសវាធ្វើឱ្យបែកកញ្ចក់រថយន្តនៅពីក្រោយ ឬបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកបើកម៉ូតូផងដែរ។

« ផ្លូវឡើងគគ្រិចដោយសារការដឹកដីពីការដ្ឋានគាត់ ជិះលើផ្លូវដោយគ្មានបាញ់លាង ចូលមកប្រឡាក់ ហុយទ្រលោមនេះប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយយើងតែម្នាក់យើងចំណេញតែម្នាក់ឯងប្រជាពលរដ្ឋរងនូវការប៉ះពាល់ដល់សុខភាពគាត់ ខូចផ្លូវ គ្រោះថ្នាក់ចរាចរណ៍ ខ្ទាតថ្មត្រូវប្រជាពលរដ្ឋ ធ្វើឱ្យបែកកញ្ចក់ឡានគេ។ល។ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់ គ្របវាឱ្យបានត្រឹមត្រូវបាញ់លាងឡានឱ្យបានត្រឹមត្រូវ កុំឱ្យប្រឡាក់ពេញផ្លូវ របស់យើង »។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវផងដែរសុំឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នា និងសូមឱ្យក្រុមការងាររបស់ក្រសួង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តធ្វើការរឹតបន្តឹងច្បាប់ឱ្យបាន ខ្លាំងក្លាបន្ថែមទៀត ដើម្បីគោរពនិងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានជាប់គង់វង្សតាមអាយុកាលកំណត់៕

 

មតិយោបល់