ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយស្រ្ដីម្នាក់កំពុងជិះម៉ូតូ

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកអង្គស្នួល ធ្វើការចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិច្បាប់ បន្ទាប់ពីជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពឆក់កាបូបលុយស្រ្ដីម្នាក់ ខណ:កំពុងជិះម៉ូតូតែម្នាក់ឯងតាមដងផ្លូវ នៅវេលាម៉ោង១០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ រុន មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកស្រ្ដីរងគ្រោះឈ្មោះ ម៉ៅ សុម៉ាលី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ លុយរៀល១៨ម៉ឺនរៀល និងលុយដុល្លារ៤០០ដុល្លារ ,កាបូបដៃពណ៌កាកអំពៅ១ ,លោហធាតុ ពណ៌លឿង១ខ្សែ (ជារបស់ជារបស់ជនរងគ្រោះ) ,ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ឡើងតែម២០២០ ១គ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ1L-6144 ,សក់សំរាប់ពាក់ពណ៌ទុងដែង ,កាបូបស្ពាយជំហៀង១ និងកាបូបដៃ២ (របស់ជនសង្ស័យ) ។

ប្រភពដដែលបន្ដថា៖ នៅមុនពេលកើតហេតុ ស្រ្ដីរងគ្រោះខាងលើ បានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះឆ្ពោះទៅថ្នល់ទទឹងដើម្បីឌុបចៅ ដោយចៅដេកលក់ស្រ្ដីរងគ្រោះក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានជិះម៉ូតូតាមស្រ្ដីរងគ្រោះរួចធ្វើសកម្មភាពឆក់កាបូបដែលទុកនៅឃ្លុបម៉ូតូ រួចជិះគេចខ្លួនតែចៃដន្យបាននឹងសមត្ថកិច្ចនគរបាលកំពុងចុះល្បាត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតែម្ដង ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លនបានឆក់កាបូបលុយពីជនរងគ្រោះដែលទុកក្នុងឃ្លុបម៉ូតូ ហើយកន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់កាបូបលុយគេបាន១០លើកមកហើយ នៅម្តំកន្លែងលក់សាច់ក្រក ខណ្ឌកំបូលបាន៧លើក និងនៅផ្លូវជាតិលេខ៤១ ចំនួន២លើក នៅអង្គស្នួល១លើក ក៏ត្រូវសមត្ថកិចឃាត់បានតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់