ភ្នំពេញ: បុរសអ្នករត់ PassApp ម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតហើមនិងធុំក្លិនស្អុយទៅហើយ ទើបគេដឹង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះរូបនេះ ត្រូវបានគេស្គាល់ឈ្មោះ ណាង អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង ។ បុរសនេះមានប្រពន្ធនិងកូនដែរ ប៉ុន្តែបានចែកផ្លូវគ្នាទៅហើយ សព្វថ្ងៃនេះគាត់បានមកស្នាក់នៅ ក្នុងបន្ទប់ជួលកើតហេតុខាងលើ តែម្នាក់ឯងប៉ុណ្ណោះ ។
ប្រភពខាងលើ បាននិយាយទៀតថា ជនរងគ្រោះមិនបានចេញទៅរត់កង់បី រយៈពេល២ថ្ងៃនេះមកហើយ ប៉ុន្តែពុំមាននរណាបាន ចាប់អារម្មណ៍ថា គាត់ស្លាប់បែបនេះទេ ។ លុះដល់វេលាព្រឹកថ្ងៃកើតហេតុ ម្ចាស់ផ្ទះជួលបានទៅស្រែកហៅគាត់ ដើម្បីសួរនាំពីមូលហេតុ ដែលសម្ងំនៅតែក្នុងបន្ទប់មិនទៅរត់កង់បី ។ ប៉ុន្តែទោះហៅយ៉ាងណាក៏ពុំឮគាត់ឆ្លើយដែរ ខណៈនោះដោយមានការសង្ស័យ ទើបម្ចាស់ផ្ទះជួលរាយការណ៍ ទៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ឲ្យជួយពិនិត្យមើល ។
ប្រភពនេះបានរៀបរាប់ប្រាប់ទៀតថា បន្ទាប់មកនគរបាលបានបើកទ្វារចូលទៅ ស្រាប់តែឃើញបុរសនេះ ស្លាប់ហើមស្អុយបាត់ទៅហើយ ពេលនោះនគរបាលមានការសង្ស័យថា បុរសនេះស្លាប់ដោយខ្យល់គ ។ ទើបរាយការណ៍បន្តទៅកាន់នគរបាល ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះធ្វើការពិនិត្យកោសល្យវិច័យតែម្ដង ៕
មតិយោបល់