CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅប្រទេសបារ៉ែន នាវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៥ ខែតុលាស្អែកនេះ ដើម្បីធ្វើការហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ីចំនួន ២ប្រកួត គឺការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Playoff) ជាមួយកោះហ្គាំ និងការប្រកួតជម្រុះពូល K នៃពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers ជាមួយជប៉ុន និងហុងកុង។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា បេសកកម្មរបស់ក្រុមគោព្រៃកម្ពុជាលើកនេះ ក៏មិនខុសពីការប្រកួតជម្រុះ World Cup នៅបារ៉ែន កាលពីខែមិថុនាកន្លងទៅដែរ គឺពុំមានការប្រមូលផ្ដុំក្នុងស្រុកឡើយ ដោយពួកគេនឹងចេញទៅប្រមូលផ្ដុំនៅបារ៉ែនតែម្ដង។ តែទោះយ៉ាងណា លោកមានសុទិដ្ឋិនិយមថា មិនបង្ករក្ដីបារម្ភដល់គ្រូបង្វឹកនោះទេ ព្រោះកីឡាករទាំងអស់សុទ្ធតែបានហ្វឹកហាត់ និងមមាញឹកជាមួយការប្រកួតលីគកំពូលកម្ពុជា។
ចំពោះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបកោះហ្គាំ ទាំង២ជើង នៅកីឡដ្ឋាន Khalifa Sport City នាថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាខាងមុខ ដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023។ បន្ទាប់ពីចប់ការប្រកួតនេះ កីឡាករអាយុលើស២៣ឆ្នាំ នឹងត្រូវត្រឡប់មកមាតុភូមិវិញ លើកលែងកីឡាករអាយុក្រោម២៣ឆ្នាំ ដែលត្រូវបន្ដដំណើរទៅប្រទេសជប៉ុន ដើម្បីធ្វើការប្រកួតជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី។
សម្រាប់ការប្រកួតជម្រុះពូល K នៃពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers នៅប្រទេសជប៉ុន ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម U23 ហុងកុង នាថ្ងៃទី២៣ ខែតុលា មុនជួបក្រុមម្ចាស់ផ្ទះ U23 ជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village តែមួយគត់។
សូមជូនពរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្ម ដើម្បីបានឡើងទៅវគ្គបន្ដ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ីទាំងពីរខាងលើ៕
មតិយោបល់