ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

ភ្នំពេញ: កម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ដែលបានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេចហើយ គេចខ្លួនបានរយ:ពេលពីរថ្ងៃ ករណីឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួល ផ្លូវលំភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន៖ ទី១-ឈ្មោះស្រី អន អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល
,ទី២-ឈ្មោះ ប៉ិល ឡែន អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ,ទី៣-ឈ្មោះ ឈីម កេត អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

រីឯជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។

គួរបញ្ជាក់ថា កាលវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានជិះម៉ូតូម៉ាក HONDA BEAT ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1HN-8376 ចេញពីផឹកស៊ីជាមួយមិត្តភក្តិ គោលបំណងត្រលប់ទៅផ្ទះ តែពេលជិះមកដល់ចំណុចជិតក្លឹបសេះមាស តាមផ្លូវបេតុង ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏មាននារីវ័យក្មេងម្នាក់ បក់ដៃហៅពេលនោះជនរងគ្រោះ ក៏បានឈប់ហើយចៃដន្យមានមិត្តភក្តិទូរស័ព្ទមកផង ក៏ឈប់ម៉ូតូមិនទាន់បានលើកនិយាយផង មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មិនចាំផ្លាកលេខ មកពីក្រោយប្រដាប់ដោយដាវ ក៏កាប់ប្រហារចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ហើយជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកដួលហូរឈាម ទើបប្ដឹងសមត្ថកិច្ច ។

ក្រោយកើតហេតុ បានទទួលព័ត័មានពីប្រជាពលរដ្ឋថា ប្រទះឃើញបុរសម្នាក់ ដួលសន្លប់ករណីមានជនសង្ស័យវាយប្លន់យកម៉ូតូ ហើយបានចុះទៅដល់កន្លែងកើតហេតុ ក៏មានរថយន្តសង្រ្គោះគ្លីនិកឯកជន ដឹកយកទៅព្យាបាលដោយជនរងគ្រោះរបួសធ្ងន់ មិនទាន់សួរនាំលុះព្រឹកថ្ងៃទី១ ខែ ឆ្នាំដដែលជនរងគ្រោះ និងក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវ រកចាប់ជនសង្ស័យធ្វើសកម្មភាព វាយប្លន់យកម៉ូតូអ្នករងគ្រោះ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី ៣ ធ្វើការស្រាវជ្រាវក្ដាប់មុខសញ្ញា និងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ នៅក្នុងបន្ទប់ជួល ចំណែកបក្ខពួក៤នាក់ទៀត បានរត់គេចខ្លួនបាត់ស្រម៉ោល ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត ។ ចំណែកបក្ខពួក៤នាក់ ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យទាំង៤នាក់នោះ យកមកផ្តន្ទាទោសទៅតាមច្បាប់៕

មតិយោបល់