ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជម្រុះបឋម (Play-Off) ជាមួយក្រុមជម្រើសកោះហ្គាំ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី (AFC Asian Cup China 2023 Qualifiers) នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន Khalifa Sport City នៃប្រទេសបារ៉ែន។
ក្រុមកម្ពុជានឹងត្រូវប្រកួតជម្រុះជាមួយក្រុមកោះហ្គាំ នាវេលាម៉ោង ២០:៣០នាទីយប់ ត្រូវនឹងម៉ោង១២:៣០នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ សម្រាប់ជើងទី១ ហើយជើងទី២ ក្រុមកម្ពុជានឹងត្រូវប្រកួតក្រុមកោះហ្គាំ នាវេលាម៉ោង ១៩:០០ នាទី ត្រូវនឹងម៉ោង ២៣:០០ នាទី ម៉ោងនៅកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយ២ប្រកួតនេះធ្វើឡើងនៅកីឡដ្ឋានកីឡដ្ឋាន Khalifa Sport City នៃប្រទេសបារ៉ែនដូចៗគ្នា។ នេះជាការប្រកួតជម្រុះបឋមរវាងក្រុមទាំងពីរ ដើម្បីស្វែងរក១ក្រុមឡើងទៅប្រកួតវគ្គជម្រុះចែកពូល ជុំទី៣ ពានរង្វាន់ AFC Asian Cup China 2023។
បន្ទាប់ពីចប់ការប្រកួតនេះ ក្រុមកីឡាករលើ២៣ឆ្នាំនឹងត្រូវវិលត្រឡប់មកមាតុប្រទេសវិញ លើកលែងកីឡាករអាយុក្រោម២៣ឆ្នាំ ដែលត្រូវបន្ដដំណើរទៅប្រទេសជប៉ុន ដើម្បីប្រកួតជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U23 Asian Cup Uzbekistan 2022 នៅក្នុងពូល K នៅប្រទេសជប៉ុន ដោយក្រុម U23កម្ពុជានឹងត្រូវជួបប្រកួតជាមួយក្រុម U23 ហុងកុង នាថ្ងៃទី២៣ ខែតុលា មុនជួបក្រុមម្ចាស់ផ្ទះ U23 ជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានប្រមូលផ្តុំនៅប្រទេសបារ៉ែន ដើម្បីត្រៀមការប្រកួតពានរង្វាន់ជើងឯក ប្រចាំទ្វីបអាស៊ីទាំងពីរព្រឹត្តិការណ៍នេះ ដោយមានកីឡាករសរុបចំនួន៣៦នាក់ ក្រោមការដឹកនាំផ្ទាល់ពីអ្នកចាត់ការទូទៅជនជាតិជប៉ុន លោក Keisuke Honda និងគ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose។ ក្រុមជម្រើសជាតិកម្ពុជាបានចាកចេញពីមាតុប្រទេសរបស់ខ្លួន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ទៅកាន់ប្រទេសបារ៉ែន ដែលជាទឹកដីកណ្តាលនៃការប្រកួតដំបូងនេះ ហើយក៏ជាកន្លែងហ្វឹកហាត់ជុំគ្នា ក្រៅប្រទេសផងដែរ មុនពេល១ក្រុមឈុតធំវិលត្រឡប់មកកម្ពុជាវិញ និង១ក្រុមទៀត ក្រោម២៣ឆ្នាំត្រូវធ្វើដំណើរបន្តឆ្ពោះទៅកាន់ប្រទេសជប៉ុន ប្រកួតជម្រុះ AFC U23 Asian Cup៕
មតិយោបល់