ព័ត៌មានសិល្បៈ និងកម្សាន្ត

វី ឌីណែត បង្ហោះសារខួបកំណើត បង្កប់ក្តីនឹករលឹកចំពោះម្តាយជាទីស្រឡាញ់

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១នេះ តារាចម្រៀងស្រី កញ្ញា វី ឌីណែត បានជួបរឿងជាច្រើនក្នុងជីវិត ព្រោះត្រូវបាត់បង់ម្តាយជាទីស្រឡាញ់ ដែលបានលាកចាកលោក ដោយសារជំងឺកូវីដ-១៩ និងរូបនាងផ្ទាល់ ព្រមទាំងបងប្អូបង្កើតមួយចំនួន បានឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។ យ៉ាងណាមិញ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន វី ឌីណែត បានបង្ហោះសារដ៏មានអត្ថន័យជាច្រើន បង្ហាញពីការនឹករលឹកចំពោះម្តាយ និងមានហ្វេនៗជាអ្នកលើកទឹកចិត្តគ្រប់កាល:ទេស:។

ក្នុងសារនោះ កញ្ញា វី ឌីណែត បានសរសេរយ៉ាងដូច្នេះថា «អរគុណម៉ាក់ប៉ា បងប្អូន អ៊ុពូមីងទាំងអស់ ក៏ដូចជា Fans (the moon) សំរាប់ការជូនពរទោះបីជាឆ្នាំនេះយេីងមិនបានជួបគ្នាក៏ដោយ តែអ្នកទាំងអស់គ្នាមិនដែលភ្លេចថ្ងៃសំខាន់មួយនេះ ហេីយទោះបីជាឆ្នាំនេះខ្ញុំជួបបញ្ហាច្រេីន ទោះបីជាខ្ញុំលែងលឺសំលេងម៉ាក់ជូនពរ ប៉ុន្តែ ទាំងអស់គ្នានៅតែផ្ដល់កម្លាំងចិត្ត អរគុណច្រេីនណាស់ សូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ Happy birthday 09-10-2021»។

គួរជម្រាបថា វី ឌីណែត គឺជាតារាចម្រៀងមួយរូប ដែលទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជនខ្មែរ ត្បិតថាសំនៀងរបស់ខ្លួនគឺពិរោះរណ្តំនៅគ្រប់ប្រភេទចម្រៀងតែម្តង។ កូនស្រីបង្កើតរបស់លោក ហួរ ឡាវី រូបនេះ ត្រូវបានគេមើលឃើញថា ហាក់មានភាពជោគជ័យគួរសម លើវិថីចម្រៀង ដែលនាងស្រឡាញ់ ដោយសារតែមានបងប្អូនហ្វេនៗអ្នកគាំទ្រមិនតិចទេ រងចាំតាមដាន និងស្តាប់ចម្រៀងរបស់នាង ជាពិសេស គឺចាំលើកទឹកចិត្តនាងផងដែរ៕

មតិយោបល់