ជាថ្នាំគ្រាប់ ស្រួលលេប ថ្នាំព្យាបាលជំងឺកូវីដ១៩របស់ក្រុមហ៊ុនឱសថអាមេរិក ដែលគេររង់ចាំបំផុត និងចាត់ទុកថាជាអាវុធប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏មានប្រសិទ្ធភាពជាងគេ មានឈ្មោះថា Molnupiravir។ Molnupiravir ជាប្រភេទថ្នាំប្រឆាំងមេរោគ Antiviraux មានសមត្ថភាពទៅបញ្ចុះអំណាចរបស់វីរ៉ុសមិនឱ្យវិវឌ្ឍពង្រីកខ្លួន ដើម្បីកុំអ្នកឆ្លងធ្លាក់ខ្លួនឈឺទាន់។ ចំណែកប្រសិទ្ធភាពរបស់ថ្នាំ អាចមានពីរយ៉ាង ៖ ទីមួយជួយអ្នកឆ្លងនិងអ្នកឈឺកូវីដមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ មានទម្រង់ធ្ងន់ធ្ងរ និង ទីពីរជួយការពារអ្នកនៅក្បែរ នៅកៀកមេរោគកូវីដ កុំឱ្យឆ្លងនិងធ្លាក់ខ្លួនឈឺ។
ការសាកល្បងគ្លីនិក ដំណាក់កាលចុងក្រោយ ដែលក្រុមហ៊ុនMerck បានសហការធ្វើជាមួយដៃគូ Risgerback Biotherapeutics បានផ្តល់លទ្ធផលគួរជាទីគាប់ចិត្តរហូតដល់ថ្នាក់គណៈកម្មការឯករាជ្យផ្នែកត្រួតពិនិត្យទិន្នន័យ ដោយបានពិគ្រោះយោបល់ជាមួយភ្នាក់ងារឱសថអាមេរិក សម្រេចបញ្ចប់ការធ្វើតេស្តសាកល្បងមុនកំណត់
នៅពេលបានទទួលថ្នាំMolnupiravir ក្រោយមានចេញរោគសញ្ញាដំបូងបាន៥ថ្ងៃ ក្រុមអ្នកជំងឺកូវីដមានអាការៈស្រាលនិងមធ្យម ហើយមានកត្តាហានិភ័យបន្ថែមយ៉ាងហោចមួយមុខ មានអត្រាឈឺធ្ងន់ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងអ្នកស្លាប់ ត្រឹម៧,៣% ទល់១៤,១%ចំពោះក្រុមអ្នកជំងឺដែលមិនបានលេបថ្នាំ។ គ្មានស្លាប់សោះ ក្នុងចំណោមក្រុមអ្នកបានលេបថ្នាំព្យាបាលកូវីដរបស់ក្រុមហ៊ុនMerck ចំណែកក្រុមម្ខាងទៀតមានស្លាប់ដល់ទៅ៨នាក់។
ដោយយោងលើលទ្ធផលនៃការសាកល្បងគ្លីនិកនេះ ទើបក្រុមហ៊ុនMerck សម្រេចដាក់ពាក្យស្នើសុំសិទ្ធិធ្វើចរាចរណ៍ថ្នាំ ជាបន្ទាន់នៅពេលនេះ ទៅកាន់ទីភ្នាក់ងារឱសថអាមេរិក និងកំពុងធ្វើការជាមួយអាជ្ញាធរឱសថផ្សេងទៀត នៅលើពិភពលោក ដើម្បីសុំសិទ្ធិធ្វើចរាចរណ៍ នៅប៉ុន្មានខែខាងមុខ។
ក្នុងពេលរង់ចាំសេចក្តីសម្រេចរបស់ទីភ្នាក់ងារឱសថ ក្រុមហ៊ុនបានចាប់ផ្តើមផលិតថ្នាំក្នុងទ្រង់ទ្រាយធំ ដើម្បីអាចព្យាបាលមនុស្សបាន១០លាន នៅចុងឆ្នាំ និងបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលមួយចំនួនមានអាទិ៍រដ្ឋាភិបាលអាមេរិក បញ្ជាទិញថ្នាំMolnupiravir រួចជាស្រេចទៅហើយ ប្រសិនបើថ្នាំនេះបានទទួលសិទ្ធិប្រើ៕
មតិយោបល់