អង្គការ Bird Life បានឱ្យដឹងនៅរសៀលថ្ងៃ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ថា សត្វចង្កៀលខ្យងរាប់ពាន់ក្បាលសម្រេចចិត្តបន្តពងកូន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បន្ទាប់ពីបានបញ្ចប់រដូវពងកូន ឆ្នាំ២០២០-២០២១ដោយជោគជ័យ ហ្វូងសត្វចង្កៀលខ្យងពេញវ័យមួយចំនួន បានហើរចាកចេញពីសម្បុកទៅទីតាំងផ្សេងៗ ដើម្បីរកចំណីចិញ្ចឹមជីវិត។
ដោយឡែកក្នុងឆ្នាំ២០២១នេះដែរ សត្វចង្កៀលខ្យងបានមកកាច់សម្បុកពងកូនសារជាថ្មី នៅលើទីតាំងដដែល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ សម្បុកសត្វចង្កៀលខ្យងត្រូវបានប៉ាន់ប្រមាណថា ប្រហែលជាងពីរពាន់សម្បុក ដែលមានទាំងសម្បុកថ្មី និងសម្បុកចាស់ សម្បុកខ្លះបានញាស់ និងខ្លះទៀតកំពុងបន្តក្រាបពង។ ដោយសារទឹកជំនន់ឆ្នាំនេះតូច ដូចនេះយើងពុំទាន់បានជួបប្រទះនូវបញ្ហាសម្បុកលិចទឹក និង ធ្លាក់ពងសត្វដោយសារព្យុះភ្លៀងនៅឡើយទេ។
មន្ត្រីឧទ្យានុរក្ស តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានសហការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសម្បុកសត្វទាំងនេះ ដោយធ្វើការយាមល្បាតទាំងថ្ងៃទាំងយប់ ទាំងថ្ងៃ ការពារជនខិលខូចមួយចំនួនដែលឆ្លៀតឱកាសបង្កបទល្មើសផ្សេងៗ។ វត្តមាននៃសត្វស្លាបដែលនៅតែបន្តពងកូនក្នុងតំបន់ដីសើមនេះ បានបញ្ជាក់ឱ្យយើងបានដឹងថា តំបន់ដីសើមនេះ ជាតំបន់ដ៏សំខាន់ និងមានតម្លៃជាអតិបរមា សម្រាប់ការងារអភិរក្ស ការពារ ធនធានធម្មជាតិ។
គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ ជាដៃគូនៃអង្គការអភិរក្សតំបន់ដីសើមមេគង្គក្រោម ដែលមានអង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និង អង្គការ WWT ៕
មតិយោបល់