ព័ត៌មានជាតិ

Update៖ រថយន្ត PRIUS បើកលឿនបុករបងផ្ទះពលរដ្ឋ រួចបោកផ្ទប់នឹងបង្គោលភ្លើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់របួសធ្ងន់

ភ្នំពេញៈ កាលវេលាម៉ោង ២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ចំណុចជិតសាលាបឋមសិក្សាជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្តបុករបងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត មនុស្សស្លាប់ និងរងរបួសធ្ងន់។

រថយន្ត PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6955 បើកបរដោយបុរស ២នាក់ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តខាងលើ បើកក្នុងល្បឿនលឿន និងលឺសូរសំឡេងធុងបាស់ខ្លាំង ធ្វើដំណើរពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលបុករបងផ្ទះពលរដ្ឋបាក់ខូចខាតមួយផ្ទាំង រួចបោកផ្ទប់នឹងបង្គោលភ្លើង បណ្ដាលឲ្យតៃកុងបាក់.កស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងមករក្សាទុក រីឯសពតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ចំពោះអ្នករងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់