ព័ត៌មានជាតិ

ក្រុមជម្រើសជាតិ U-23 កម្ពុជា បានបន្ដដំ​ណើរ​ទៅ​ប្រ​ទេស​ជប៉ុន ដើម្បី​ត្រៀម​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022

CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិ​​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា បាន​ធ្វើ​ដំ​ណើរ​ទៅ​ដល់​ប្រ​ទេស​ជប៉ុន ដោយ​សុវត្ថិ​ភាព​ហើយ ដើម្បី​ត្រៀម​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ពូល K នាសប្ដាហ៍ក្រោយ។

សម្រាប់បេក្ខភាពពូល K ដែលត្រូវប្រជែងកៅអីវគ្គបន្ដ នៃ​ពាន​រង្វាន់​យុវ​ជន U-23 ជើងឯកទ្វីបអាស៊ីនេះ មាន ៣ក្រុម រួមមានកម្ពុជា ហុងកុង និង​ម្ចាស់​ផ្ទះ​ជប៉ុន ។ ចំពោះកម្មវិធីប្រកួតក្រុម​គោព្រៃ​ជំទង់​កម្ពុជា នឹងត្រូវជួប U-23 ហុងកុង នាថ្ងៃទី២៣-តុលា មុនជួបក្រុមម្ចាស់ផ្ទះ U-23 ជប៉ុន នា​ថ្ងៃ​ទី២៦-តុលា នៅកីឡដ្ឋាន J-Village ខេត្ត Fukushima តែមួយប៉ុណ្ណោះ។

គួរដឹងថា ក្រុមជម្រើសជាតិ U-23 កម្ពុជា បានបន្ដដំ​ណើរ​ទៅ​ប្រ​ទេស​ជប៉ុន កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ក្រោយ​បញ្ចប់​បេស​ក​កម្ម​ជា​មួយ​ក្រុម​ជម្រើសជាតិកម្ពុជា(ក្រុមធំ) ក្នុងការប្រកួតជម្រុះ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន កាលពីថ្មីៗ ដោយ​បាន​យក​ឈ្នះ​ក្រុម​កោះ​ហ្គាំ​របស់សហរដ្ឋអាមេរិកទាំង ២ជើង ក្នុងលទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំទី៣។

បន្ទាប់ពីបញ្ចប់បេសកកម្មខាងលើ កីឡាករ​ភាគ​ច្រើន​ដែល​មាន​អាយុ​ក្រោម ២៣ឆ្នាំ ត្រូវបន្ដបេសកកម្មថ្មីនៅប្រទេសជប៉ុន ។ រីឯ​កី​ឡា​ករ​ជម្រើស​ជាតិ​កម្ពុជា ១០នាក់ ត្រូវធ្វើដំណើរមកមាតុភូមិមុន ។ លើក​លែង​កី​ឡា​ករ​ជម្រើស​ជាតិ ៦រូប ដែលឆ្លងជំងឺកូវីដ-១៩ អំឡុង​ពេល​ជួយ​ក្រុម​គោ​ព្រៃ​កម្ពុជា នៅបារ៉ែន ដែល​ត្រូវបន្ដសម្រាកព្យាបាលនៅទីនោះ រហូត​ដល់​ជា​សះស្បើយ ទើបត្រឡប់មកមាតុភូមិវិញ។

ដូច្នេះសូមជូនពរក្រុមជម្រើសជាតិ U-23 កម្ពុជា ជួប​តែ​សំ​ណាង​ល្អ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ដើម្បីឡើងទៅវគ្គបន្ដ ហើយ​ក៏​សូម​ជូន​ពរ​កី​ឡាករ ៦រូប រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​បារ៉ែន ឆាប់​ជា​សះ​ស្បើយ និងត្រឡប់មកកម្ពុជាវិញផងដែរ ៕

 

ប្រភព៖ CAMBODIA SEA GAMES 2023

មតិយោបល់