ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលឿនវ៉ាជែង ជ្រុលទៅបុកសាំយ៉ុងពីក្រោយ រងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ford ranger ពណ៌ស ពាក់ស្លាក លេខ កម្ពុជាHAN.LYTY អ្នកបើកបរសង្ស័យស្រវឹងស្រា។
រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5191 បើកបរដោយបុរសម្នាក់ ។

ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក សាំយ៉ុង តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្ក​បើកពីកើតមកលិចស្របទិស បានវ៉ាជែងក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករថយន្តសាំយ៉ុងពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ករណីនេះ មិនមានមនុស្សរងរបួសទេ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំង២ ធ្វើការសម្រួលគ្នា ចុងក្រោយភាគីខាងរថយន្តបង្ក ព្រមចេញសំណង ១២៥ដុល្លារ ដើម្បីបញ្ចប់រឿងព្រោះមិនចង់វែងឆ្ងាយ៕

មតិយោបល់