ព័ត៌មានជាតិ

អ៉ីស្រាអែលថាត្រៀមខ្លួនប្រឈមមុខនឹងរ៉ុក្កែត ២,០០០គ្រាប់ក្នុងមួយថ្ងៃ ពីសំណាក់ Hezbollah ប្រសិនបើមានសង្រ្គាម

(តែលអាវីវ)៖ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់អ៉ីស្រាអែល បាននិយាយថាប្រទេសរបស់លោកមិនចង់មានសង្រ្គាមជាមួយក្រុម Hezbollah នៅក្នុងប្រទេស លីបង់នោះទេ ប៉ុន្តែបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងគ្រាប់រ៉ុក្កែត ២,០០០គ្រាប់ក្នុងមួយថ្ងៃដែលបាញ់ចេញដោយក្រុមប្រដាប់អាវុធមួយនេះ នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។

កាលពីខែឧសភា ឆ្នាំ២០២១នេះ, នៅក្នុងសង្រ្គាមរយៈពេល ១១ថ្ងៃជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា មានគ្រាប់រ៉ុក្កែតសរុប ជាង ៤,៤០០គ្រាប់ត្រូវបានបាញ់ចេញដោយក្រុមហាម៉ាស់ តម្រង់មកកាន់ទឹកដីអ៉ីស្រាអែល។ ប៉ុន្តែ គ្រាប់រ៉ុក្កែតទាំងនោះស្ទើរតែ ៩០ភាគរយ ត្រូវបានបំផ្លាញ ដោយប្រព័ន្ធខែលការពារមីស៊ីលអ៉ីស្រាអែល Iron Dome។

លោក Uri Gordin ជាមេបញ្ជាការនៃទីបញ្ជាការប្រចាំតំបន់នៃយោធាអ៉ីស្រាអែលធ្វើការកត់សម្គាល់ខាងលើ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ។ លោក Uri Gordin បានបញ្ជាក់ដូច្នេះថា «យើងធ្លាប់បានឃើញគ្រាប់រ៉ុក្កែតច្រើនជាង ៤០០គ្រាប់ក្នុងមួយថ្ងៃបាញ់តម្រង់មកកាន់ទឹកដី អ៉ីស្រាអែល។ តែនៅក្នុងករណីសង្រ្គាម ឬជម្លោះផ្ទុះឡើងជាមួយក្រុមហេសប៊ូលឡា នោះយើងរំពឹងថាគ្រាប់រ៉ុក្កែតទាំងនេះនឹងកើនឡើង៥ដង ឬចន្លោះពី ១,៥០០គ្រាប់ ដល់ ២,៥០០គ្រាប់ ដែលអាចបាញ់ចេញពីទឹកដីលីបង់ឆ្ពោះមកកាន់អ៉ីស្រាអែល»។

ប្រភព៖ AFP

 

មតិយោបល់